ខេត្តពោធិ៍សាត់៖ បុរសពោះម៉ាយម្នាក់មានជំងឺសរសៃប្រសាទ បន្ទាប់ប៉ុនប៉ងធ្វើអត្តឃាត២ដងកន្លងមកហើយ តែមិនបានសម្រេច ខណៈម្ដាយកំពុងច្រូតស្រូវ បានធ្វើអត្តឃាតលើកទី៣ លើដើមស្ដៅ ស្លាប់ដូចបំណង។
ហេតុការណ៍នេះភ្ញាក់ផ្អើលនៅវេលាម៉ោង១២ និង៤៦នាទី ថ្ងៃត្រង់ទី១៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចដើមស្ដៅមួយ តាមភ្លឺស្រែក្បែរភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ។
ជនរងគ្រោះ ឈ្មោះ អ៊ុក ប៊ុនឈឿន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ តែបែកគ្នា បន្សល់ទុកនូវចំណងដៃកូនប្រុសតូចម្នាក់ រស់នៅជាមួយម្នាយជាស្រ្តីមេម៉ាយ នៅភូមិ.ឃុំកើតហេតុខាងលើ ។


តាមរបាយការណ៍របស់មន្រ្តីនគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ ស្រ្តីជាម្ដាយរវល់តែខំច្រូតស្រូវ ជនរងគ្រោះ បានយកខ្សែអង្រឹងឡើងទៅចងទៅមែកដើមស្ដៅ ដែលមានកម្ពស់ប្រមាណ ៣,៥០ម៉ែត្រ ។លុះឡើងពីស្រែមករកម្លប់ជ្រក ស្រាប់តែឃើញកូនចងកស្លាប់បែបនេះបាត់ទៅហើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការគ្នា ចុះស្រាវជ្រាវ និងពិនិត្យ រួចធ្វើការសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារឲ្យធ្វើបុណ្យតាមប្រពៃណី ។


ស្រ្តីជាម្ដាយក៍បានអះអាងថា កន្លងមកជនរងគ្រោះ ធ្លាប់ផឹកថ្នាំពុលធ្វើអត្តឃាតម្ដងរួចមកហើយ ប៉ុន្តែជួយសង្រ្គោះទាន់ និងធ្លាប់ចងកធ្វើអត្តឃាតផងដែរ ដែរតែដាច់ធ្លាក់ធ្លាក់ គ្រាន់តែរបួសតិតួច ។ ប៉ុន្តែពេលនេះ ធ្វើអត្តឃាតបានសម្រេចតែម្ដង ៕