រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឱកាស​អញ្ជើញ​ផ្តល់​កិត្តិយស​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ចំនួន​២,៥៨៨ នាក់ នៅ​កោះ​ពេ​ជ្យ កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ អោយ​បានដឹង​អំពី​សមត្ថភាព​មន្ទីរពេទ្យ​ព្រះ​កេតុមាលា (​មន្ទីរពេទ្យ​ទាហាន​) ដែល​អាច​ព្យាបាល និង​ដោះ​ដូរ​ក្រលៀន (​គ្រឿងក្នុង​) និង​សរីរាង្គ​មួយ​ចំនួន​បាន ដោយ​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​ចេញ​ទៅ​ព្យាបាល​នៅ​ពេទ្យ​ក្រៅប្រទេស​ឡើយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា «​កន្លង​ទៅ អ្នក​ដែល​ត្រូវ​ដូរ​ក្រលៀន អ្នក​ដែល​ត្រូវ​ដូរ​នេះ ដូរ​នោះ អា​គ្រឿងក្នុង តែងតែ​ទៅ​ប្រទេស​ក្រៅ ដោយ​មិន​បានដឹង​អំពី​ថា តើ​កម្ពុជា​មាន​វឌ្ឍនភាព​ដល់​ណា​ហើយ​! ឥឡូវ​ខ្ញុំ​សូម​យក​ឱកាស​នេះ ដើម្បី​ចែករំលែក និង​ជម្រាប​ជូន​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​បាន​ជ្រាប​ថា ការ​ដូរ​ក្រលៀន ឬ​សរីរាង្គ​មួយ​ចំនួន គឺ​ធ្វើ​បាន​នៅ​ក្នុង​កម្ពុជា​របស់​យើង ដោយ​សុវត្ថិភាព គឺ​នៅ​ក្នុង​មន្ទីរពេទ្យ​កងទ័ព​របស់​យើង​តែ​ម្តង ។ កាលពីមុន​ ឆ្នាំ​២០១៥ កំពុង​ដូរ​ក្រលៀន វា​ត្រូវ​មាន​មនុស្ស ដែល​ត្រូវ​យក​ក្រលៀន​មួយ យក​ទៅ​ដាក់​ក្រលៀន​មួយទៀត​ ។ ស្រាប់តែ​មាន​អ្នកប្រឆាំង​ការ​ជួញដូរ​មនុស្ស ទៅ​ចូល​… ដល់​ដឹង​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​ប្រាប់​ថា ឲ្យ​យក​ចេញ ងាប់​គេ ងាប់​ឯង​… ព្រោះ​គេ​អត់​បានដឹង​ ។ រឿង​នេះ ជា​រឿងរ​ស៊ើប​ ។ ប៉ុន្តែ​យើង​ក៏​ត្រូវ​ឲ្យ​ប្រជាពលរដ្ឋ​របស់​យើង​បានដឹង​ដែរ ថា​ឥឡូវ អ្នក​ដែល​ត្រូវ​ដូរ​ក្រលៀន ឬ​ដូរ​សរីរាង្គ​ខ្លះ ដែល​ប្រទេស​គេ​ធ្វើ​បាន ប្រទេស​យើង ក៏​ធ្វើ​បាន​ដែរ ​។ គឺ​នៅ​មន្ទីរពេទ្យ​កងទ័ព(មន្ទីរពេទ្យ ​ព្រះ​កេតុមាលា)​ ជិត​វត្ត​ភ្នំ​» ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានបន្ត​ថា «​កន្លង​ទៅ អ្នកចម្រៀង ឈ្មោះ យូ ឌី​ស្កូ ដែល​គាត់រ​ស់បាន​មក​ដល់​សព្វ​ថ្ងៃនេះ គឺ​ដោយសារ​ការ​ដែល​ខ្ញុំ​ផ្តល់​ថវិកា​ឲ្យ​ទៅ​ក្រៅប្រទេស ដើម្បី​ដូរ​ក្រលៀន​ ។ ពេល​នោះ ខ្ញុំ​ក៏​មិន​ទាន់​ទាញ​យក​គាត់​ឲ្យ​មក​ដូរ​នៅ​ស្រុក​ខ្មែរ​ទេ ​។ ប៉ុន្តែ​ឥឡូវ​ ខ្ញុំ​គួរតែ​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង ​។ តម្រូវការ​នៃ​ការ​ដូរ​ក្រលៀន ​។ យើង​មាន​តម្រូវការ គ្រាន់តែ​ថា ជា​សាច់ញាត្តិ​របស់​យើង ដែល​មាន​ក្រលៀន មាន​ឈាម​ដូច​យើង គឺ​អាច​ដោះស្រាយ​បញ្ហា​បាន​ហើយ​ ។ ប៉ុន្តែ​និយាយ​យ៉ាង​ដូច្នេះ មិនមែន​បាន​ន័យ​ថា ឲ្យ​បងប្អូន​លក់​ក្រលៀន​ទេ​! នាំ​គ្នា​លក់​ក្រលៀន​ទេ​! ឬ​ក៏​សរីរាង្គ​ខ្លះ ​។ គេ​អាច​ដូរ​បាន​ដល់​សួត ប៉ុន្តែ​ខ្ញុំ​មិន​និយាយ​ថា ប្រទេស​ណា​ទេ​ ។ ថ្លើម ក៏​អាច​ប៉ះប៉ូវ​បាន​ដែរ ​។ និយាយ​រួម អ្វី​ដែល​នៅ​ក្រៅប្រទេស​ធ្វើ​បាន យើង​ក៏​ធ្វើ​បាន​ដូច​គ្នា ​។ ប៉ុន្តែ​នៅ​មន្ទីរពេទ្យ​កងទ័ព​»​ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថា «​ថ្ងៃនេះ អាច​ប្រជាពលរដ្ឋ​របស់​យើង បានដឹង​ពី​ព័ត៌មាន​នេះ ហើយ​កុំ​អស់សង្ឃឹម ទោះបី​គ្មាន​ប្រាក់ ឲ្យ​តែ​សាច់ញាត្តិ ឬ​កូនចៅ មាន​ក្រលៀន អាច​មក​ដូរ​នៅ​កន្លែង​នេះ​បាន​ហើយ ព្រោះ​ជំងឺ​នេះ វា​មាន​ច្រើន​ដែរ​» ។

ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​តេ​ជោ បាន​ហាមឃាត់​ដាច់ខាត​ ចំពោះ​អំពើ​ជួញដូរ​ក្រលៀន និង​គ្រឿងក្នុង​មនុស្ស​ដោយ​ខុសច្បាប់ ​ដែល​នឹង​ត្រូវ​ផ្តន្ទារ​ទោស​យ៉ាងធ្ងន់ធ្ងរ​មិន​លើកលែង​ឡើយ​ ។​

​សម្តេច​តេ​ជោ ក៏បាន​លើកទឹកចិត្ត និង​ជំរុញ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ឲ្យ​កាន់តែ​មានគុណ​ភាព ប្រសិទ្ធភាព​ខ្ពស់ ជាមួយ​បច្ចេកវិទ្យា​ទំនើប​ថ្មី​ៗ ដើម្បី​អោយ​សក្តិ​សមជា​កន្លែង​ព្យាបាល​របស់​ជាតិ​ក្នុង​ការ​បម្រើសេវា​សុខភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ​៕