រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើកម៉ូតូធុនធំក្នុងល្បឿនលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់នឹងកន្លែងមួយរំពេច។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ R5 ត្រង់ចំណុចផ្លូវកោង ក្បែរស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ
ជនរងគ្រោះដែលជួបគ្រោះថ្នាក់ដល់អាយុជីវិតនេះ មានឈ្មោះសោម ចន្ថា អាយុ៣៧ឆ្នាំ ជាអង្គរក្ស ធ្វើការ ម្តុំវត្តបទុម និងកូនតូចៗក្នុងបន្ទុក២នាក់។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក Honda CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-5381 ធ្វើដំណើរតាមបណ្ដោយR5 ក្នុងទិសដៅពីកើតទៅលិច យ៉ាងលឿនដូចហោះ ។ លុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង យកចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលបោកក្បាលស្លាប់ភ្លាមៗយ៉ាងរន្ធត់។


ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ចំណែកសពបានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ប៉ុន្តែអ្វីដែលគួរឲ្យសង្វេគនោះ គេឃើញនារីជាប្រពន្ធបានស្រែកទ្រហោយំយ៉ាងក្តុកក្តួលដាស់សពប្តី ឲ្យងើបទ្បើងទៅផ្ទះ ដើម្បីមើលថែកូនៗ ធ្វើឲ្យអ្នកនៅទីនោះ ទប់អារម្មណ៍មិនបាន ហូរទឹកភ្នែកទាំងមិនដឹងខ្លួន៕