ខេត្តស្ទឹងត្រែង៖ នារីម្នាក់បានក្បត់ផិតប្តីលួចបង្កាត់ភ្លើងស្នេហ៍ត្រីកោណជាមួយនឹងបងធម៌ លុះពេលកំពុងតែនាំគ្នាទៅរួមរ័កក្តៅសាច់ក្នុងផ្ទះសំណាក់ ស្រាប់តែបុរសជាប្តីតាមទាន់ជាន់កែង ក៏ចូលទៅចាប់ប្រពន្ធ និងប្រុសសហាយ បង្កឲ្យមានការប្រតាយប្រតប់គ្នា ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍។
ហេតុការណ៍ប្តីតាមចាប់ប្រពន្ធទៅរួមរ័កជាមួយនឹងប្រុសសហាយនេះ បានកើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះសំណាក់ហ្គោល ហ៊ុន សៀ២ ស្ថិតក្នុងភូមិកាំងមេម៉ាយ សង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។


បុរសអភ័ព្វស្នេហ៍ដែលប្រពន្ធក្បត់ចិត្តបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា កាលពីមុនប្រពន្ធរបស់គាត់ ស្ម័គ្រស្មោះនឹងប្តីណាស់ តែមួយរយៈចុងក្រោយនេះ ប្រពន្ធគាត់ហាក់ដូចជាប្លែក ដោយឃើញតែលេងហ្វេសប៊ុកឆាតឆ្លើយឆ្លងគ្នា រហូតរាប់អានជាមួយបុរសម្នាក់ ធ្វើជាបងធម៌ (ប្រុសសហាយប្រពន្ធ) ហើយចេញបាត់ពីផ្ទះជាច្រើនដង ធ្វើឲ្យគាត់សង្ស័យ ក៏ពឹងមិត្តភក្តិជួយតាមដានប្រពន្ធ។


ប្រភពបន្តថា នៅព្រឹកថ្ងៃកើតហេតុ មិត្តភក្កិ បានឃើញប្រពន្ធគាត់ និងបងធម៌ បានទិញបាយចំនួន ២ កញ្ចប់ដូង ២ ជិះម៉ូតូឌុបគ្នាទៅកាន់ផ្ទះសំណាក់ខាងលើ រួមរ័ក ហើយបានទូរស័ព្ទមកប្រាប់គាត់ ទើបគាត់ធ្វើដំណើរទៅចាប់ប្រពន្ធនិងប្រុសសហាយដល់ក្នុងបន្ទប់ផ្ទះសំណាក់ហ្គោល ហ៊ុន សៀ2 តែម្តង រហូតមានការប្រតាយប្រតប់គ្នាទៀតផង។
សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងទៅសមត្ថកិច្ច បានចុះអន្តរាគមន៍ ធ្វើការមកឃាត់ខ្លួនបុរសខាងលើ និងប្រពន្ធ និងរកឃើញ ស្រោមអនាម័យ ដូងពីរ និងបាយពីរកញ្ចប់ ដង្កៀបកៀបសក់ នៅក្នុងបន្ទប់កើតហេតុ ។ បន្ទាប់មក នាំពួកគេទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់។ តែបុរសជាប្តី គ្រាន់តែឱ្យប្រុសសហាយ និងប្រពន្ធរបស់ខ្លួន ធ្វើកិច្ចសន្យាបញ្ឈប់ការទាក់ទងគ្នាតទៅទៀត ព្រោះបុរសជាប្តីអាណិតកូន មិនចង់ឲ្យគ្នាក្លាយជាកូនកំព្រា៕