ខេត្តសៀមរាប៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង បត់ឆ្វេងភ្លាមៗ បណ្ដាលឲ្យប៉ះម៉ូតូម៉ាក ZoomerX ដួលបោកទៅនឹងថ្នល់ ជាអកុសលមានម៉ូតូមួយគ្រឿងទៀត មកពីក្រោយ គេចមិនទាន់ បណ្ដាលឲ្យកិនចំក្បាលស្លាប់ភ្លាមៗតែម្ដង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចមុខវត្តខ្នាត លើផ្លូវជាតិលេខ៦ ស្ថិតភូមិខ្នាត ឃុំខ្នាត ស្រុកពួក ។


ជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ សរ ចាន់រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ និងអ្នករួមដំណើរឈ្មោះ ឆិក សុជា ភេទប្រុស អាយុ៣៥ឆ្នាំ របួសស្រាល។ អ្នកទាំង២ រស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ។
មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ C១២៥ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ សៀមរាប 1W-9878 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច ។

លុះមកដល់ចំណុចខាងលើ បានបត់ឆ្វេងភ្លាមៗ បណ្ដាលឲ្យជនរងគ្រោះឈ្មោះ សរ ចាន់រស្មី កំពុងបើកបរម៉ូតូម៉ាក ZoomerX ពណ៌ស ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ សៀមរាប 1AC-4633 និងរួមដំណើរម្នាក់ ធ្វើដំណើរបញ្ច្រាសគ្នាក្នុងល្បឿនលឿន ដួលបោកទៅនឹងថ្នល់ ជាអកុសលមានម៉ូតូមួយគ្រឿងទៀតមិនស្គាលម៉ាកមកពីក្រោយ កិនចំក្បាលឈ្មោះ សរ ចាន់រស្មី បណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។ ភ្លាមៗនោះដែរ អ្នកបើកបរម៉ូតូបង្កបានគេចខ្លួនបាត់។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង រួចយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសពជនរងគ្រោះបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕