ខេត្តព្រៃវែង ៖ បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក រយៈពេល​ពីរ​បី​ថ្ងៃ​កន្លង​មកនេះ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​បទល្មើស​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ក្មេង​ស្រី​អនីតិជន​ចំនួន​៥​ដង នៅ​ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ត្រូវ​កម្លាំង​នគរបាល​ខេត្តព្រៃវែង សម្រេច​ឃាត់ខ្លួន​វិញ​ហើយ នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ ក្រោយ​ស្រាវជ្រាវ​រកបាន​ភស្ដុ​តាង​ដាក់បន្ទុក និង​តាម​បញ្ជា​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក ប៊ូ ប៊ុ​ន​ហាង ។​

​បើ​យោង​តាម​សេចក្ដី​បំភ្លឺ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដែល​បណ្ដាញ​ព័ត៌មាន​ក្នុងស្រុក ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ ២០១៩​នេះ បាន​ឲ្យ​ដឹង​ថា កាល​នៅ​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ ប៉ុស្តិ៍​នគរបាល​រដ្ឋបាលរ​ក្សជ័យ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​ទទួល​ពាក្យបណ្តឹង​មួយ​ច្បាប់​ពី​ឈ្មោះ នួន មាង ភេទ​ស្រី អាយុ​៤១​ឆ្នាំ នៅ​ភូមិ​តា​ពេជ្រ​ខាងត្បូង ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ពី​បទ​រំលោភ​សេពសន្ថវៈ លើ​កូនស្រី​របស់​គាត់​អាយុ​១១​ឆ្នាំ បាន​ចំនួន​០៥​ដង កាលពី​ខែមីនា ក្នុង​ឆ្នាំ​២០១៩ ក្រោយ​ពេល​បាន​ទទួល​ពាក្យបណ្ដឹង សមត្ថកិច្ច​យើង​បាន​កោះហៅ​ឈ្មោះ ពិន ប៊ុ​ន មក​សាកសួរ​តែ​គាត់​បដិសេធ​ថា មិន​បាន​រំលោភ​លើ​ក្មេង​ស្រី​នោះ​ទេ ។​

​ដូច្នេះ តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ឃើញ​ថា ពុំ​ទាន់​មាន​ភស្តុ​តាង និង​ការ​ឆ្លើយ​បំភ្លឺ​របស់​ជនសង្ស័យ​បដិសេធ ដូច្នេះ​ព្រះរាជអាជ្ញា មិន​ទាន់​ឲ្យ​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ​ទេ ដោយ​ពុំ​មាន​ភស្តុ​តាង​គ្រប់គ្រាន់ ក្នុង​ការ​ដាក់បន្ទុក​រង់ចាំ​លទ្ធផល​ឯកសារ​ពិនិត្យ​ការ​រំលោភ​ផ្លូវភេទ របស់​មន្ទីរពេទ្យ​ខេត្តព្រៃវែង ហើយ​ក៏​បាន​អនុញ្ញាតិ​ឲ្យ​គាត់​ទៅ​ផ្ទះ​វិញ ដោយ​មានការ​ធានា​ពី​ប្រពន្ធ និង​កូន ។ ដូច្នេះ​មិន​មានការ​ដោះ​លែង​ជនសង្ស័យ​ខាងលើ​ឡើយ ។​

​មក​ដល់​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ធ្វើការ​កោះហៅ​ឈ្មោះ ពិន ប៊ិ​ន មក​សាកសួរ​ម្តងទៀត​តែ​ប្រពន្ធ និង​កូន​ជនសង្ស័យ​ប្រាប់​ថា គាត់​មាន​ជំងឺ​បេះដូង ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

​លុះដល់​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ ឈ្មោះ ពិន ប៊ុ​ន បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលរ​ក្សជ័យ ហើយ​សមត្ថកិច្ច​បាន​សាកសួរ​បំភ្លឺ​បន្ថែម បូក​រួម​ទាំង​លទ្ធផល​ឯកសារ​ពិនិត្យ​ការ​រំលោភ​ផ្លូវភេទ​វិជ្ជមាន ដែល​ចេញ​ដោយ​មន្ទីរពេទ្យ​ខេត្ត កម្លាំង​នគរបាល​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​តាម​បញ្ជា​របស់​លោក ប៊ូ ប៊ុ​ន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តព្រៃវែង ។​

​បច្ចុប្បន្ន​បាន​បញ្ជូន​សំណុំរឿង និង​ជនសង្ស័យ​ទៅ​ស្ថាប័ន​អយ្យការ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​សូម​រម្លឹក​ថា បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​ផ្សព្វផ្សាយ​ថា អធិការ​ស្រុក​បាភ្នំ ខេត្តព្រៃវែង ដោះ​លែង​ជនសង្ស័យ រំលោភ​កុមារី អាយុ​១១ ឆ្នាំ ក្រោម​លេស​ថា ជនសង្ស័យ​មិន​សារភាព ហើយ​ជន​រង​គ្រោះ​គ្មាន​ភស្តុ​តាង ។ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​ក្រោយ នគរបាល​ស្រុក​បាភ្នំ​ដោះ​លែង ។ ជន​រង​គ្រោះ​ស្រែក​រក​យុត្តិធម៌ ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មហាជន​នាំ​គ្នា​រិះគន់​ថា នគរបាល​ស្រុក​បាភ្នំ គ្មាន​ជំនាញ​ស្រាវជ្រាវ​បទល្មើស​ចាប់រំលោភ​ទេ ព្រោះថា បទល្មើស​ចាប់រំលោភ មិនមែន​ផ្អែក​ទៅ​លើ​ចំលើយ​សារភាព ឬ ចំលើយ​បំភ្លឺ​របស់​សាក្សី​នោះ​ទេ សំខាន់ នគរបាល​ត្រូវ​នាំ​កុមារី​រង​គ្រោះ​ទៅ​អោយ​ពេទ្យ​តុលាការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ប្រដាប់​ភេទ ។ បើ​ពេទ្យ​តុលាការ​រក​ឃើញ​ថា កុមារី​រង​គ្រោះ​ពិតជា​ដាច់​ប្រដាប់​ភេទ​មែន ទោះ​គ្មាន​សាក្សី ឬ ជនសង្ស័យ​មិន​សារភាព ក៏​សមត្ថកិច្ច​អាច​ឃាត់ខ្លួន​ជនសង្ស័យ​បណ្ដោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត​ដែរ មិនមែន​ជនសង្ស័យ​មិន​សារភាព ដោះ​លែង​ភ្លាម​ៗ​នោះ​ទេ ។​

​កុមារី​រង​គ្រោះ​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ វិច្ឆិកា ឈ្មោះ ប៊ិ​ន ប៊​ន បាន​ហៅ​នាង​ទៅ​ជួយ​ទូល​ស្រូវពូជ​លោកយាយ​នៅ​ឯ​ស្រែ​ក្រោយ​ផ្ទះ ។ ពេល​ទៅ​ដល់​ក្រោយ​ផ្ទះ​អត់​ឃើញ​លោកយាយ ឈ្មោះ ប៊ិ​ន ប៊​ន ក៏​ចាប់​កុមារី​រង​គ្រោះ​រំលោភ​តែ​ម្ដង​ហើយ​បាន​គំរាម​មិន​អោយ​និយាយ​ប្រាប់​អ្នក​ទេ បើ​និយាយ​ខ្លួន​នឹង​សំលាប់​ចោល ។​

​កុមារី​រង​គ្រោះ​បាន​បន្ត​ថា លុះដល់​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ ២០១៩ រឿង​រំលោភ​នេះ បានដឹង​ដល់​ឪពុក​ម្ដាយ​កុមារី​រង​គ្រោះ ។ ឪពុក​ម្ដាយ​កុមារី​រង​គ្រោះ​ក៏​បាន​នាំ​កូន​មក​ដាក់​ពាក្យបណ្ដឹង​នៅ ប៉ុស្ដិ៍​នគរបាល​រ័ក្ស​ជ័យ ។ នគរបាល​ប៉ុស្តិ៍​រ័ក្ស​ជ័យ ក៏​បាន​ហៅ​ជន​រង​គ្រោះ​មក​សាកសួរ​រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ ។ ក្រោយ​ពី​នគរបាល​ស្រុក​បាភ្នំ សាកសួរ​ជនសង្ស័យ​បាន​៤​ម៉ោង ក៏​ដោះ​លែង​ជនសង្ស័យ​ទៅ​វិញ ៕