រាជធានីភ្នំពេញ៖ បុរសម្នាក់ ឆ្លៀតពេលទំនេរពីមុខរបររត់ម៉ូតូឌុប និងសំណង់ បានរាយខ្សែភ្លើងយកទៅឆក់ត្រីខាងក្រោយផ្ទះ មិនទាន់បានត្រីផង ស្រាប់តែឆក់ខ្លួនឯង តែចាត់ទុកថាសំណាងល្អដែរ ព្រោះមិនបាត់បង់ជីវិត គឺគ្រាន់តែរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅត្រពាំងទឹក ក្រោយផ្ទះក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះ ឈ្មោះ ឌី ណា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងសំណង់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។


តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះតរាយខ្សែភ្លើងចេញពីផ្ទះជាប់នោះ ចុះទៅក្នុងត្រពាំងទឹក ដើម្បីឆក់ត្រី តែភ្លាត់ស្នៀត បែរជាឆ្លងចរន្តឆក់ខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះ ត្រូវបានអ្នកក្បែរខាងរត់ទៅផ្តាច់ខ្សែចរន្តភ្លើងចោល និងនាំគ្នាលើកជនរងគ្រោះឡើងគោក យកមកកប់ដីខ្សាច់ដើម្បីសង្រ្គោះបឋម រួចដឹកតាមរថយន្តផ្ទាល់ខ្លួន យកទៅមន្ទីរពេទ្យ ៕