ខេត្តព្រះសីហនុ៖ រថយន្តហាយឡែនដឺរ១គ្រឿង បានបើកបរដោយជនជាតិចិន បោះពួយយ៉ាងលឿនដូចហោះ ហើយបានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ជាច្រើនត្រឡប់ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៨-១៥៩ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់។


រថយន្តដែលបើកធ្លាក់ផ្លូវក្រឡាប់ឆេះនេះ ម៉ាកហាយឡែនដឺរ ពាក់ស្លាកលេខ ភ្នំពេញ 2X- 9402 បើកបរដោយជនជាតិចិន មានគ្នា៥នាក់ជាជនជាតិចិនដូចគ្នា មានទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចខាងលើ ស្រាប់តែរេចង្កូត ធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់បោកមកខាងឆ្វេងដៃ ហើយផ្ទុះឆេះ ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ចាត់ទុកជាសំណាងណាស់ ព្រោះមនុស្សជិះក្នុងរថយន្តចំនួន៥នាក់ មានតែម្នាក់ប៉ុណ្ណោះ ដែលរងរបួសធ្ងន់ ក្រៅពីនោះរងរបួសតិចតួច ដោយចេញរួចពីរថយន្តមុនពេលផ្ទុះឆេះ។
ក្រោយកើតហេតុ សមត្ថកិច្ច បានជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ រីឯខ្មោចរថយន្តសមត្ថកិច្ចស្ទូចយកមករក្សាទុក បណ្តោះអាសន្ន រង់ចាំចាត់ចែងបន្តនៅពេលក្រោយ៕