រាជធានីភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្ត lexus rx 400hមួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ បានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់១កង់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។


មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្ត lexus rx400h ពណ៌ត្រីអ៊ីមួយគ្រឿង ពាក់ស្លាក លេខខេមរៈភូមិន្ទ 02 2-8214 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅ សេទុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយផ្ទាំង ហើយរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេង និងបែកកង់ ទៅមុខលែងរួច។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ឲ្យចុះមកធ្វើការវាស់វែង និងយករថយន្តយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕