រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ចូលចិត្តប្រើប្រាស់គ្រឿងញៀន ត្រូវប្អូនបង្កើតរបស់ខ្លួនស្ដីបន្ទោស ពេលកំពុងបែកថ្នាំ ក៏ផ្ទុះកំហឹងរត់ឡើងលើចូលក្នុងបន្ទប់ខ្លួន រួចដុតបន្ទប់នោះចោល បង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះលេខ២៦D ផ្លូវ៣៥៨ តាមបណ្ដោយផ្លូវ៣៥៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។


ម្ចាស់ផ្ទះឈ្មោះ ដួង សុម៉ាលី ភេទស្រី អាយុ ៧១ឆ្នាំ មុខរបរនៅផ្ទះ ជាម្ដាយរបស់ជនបង្ក ។ ជនបង្កនេះមានឈ្មោះ យាំ សុខលី អាយុ៣០ឆ្នាំ ទីលំនៅកន្លែងកើតហេតុនេះ ។
មុនពេលកើតហេតុ ជនសង្ស័យរូបនេះ បានប្រើប្រាស់គ្រឿងច្រើន រហូតនិយាយស្ដាប់គ្នាលែងកើត ត្រូវប្អូនបង្កើតរបស់ខ្លួនស្ដីបន្ទោស ក៏ផ្ទុះកំហឹងរត់ឡើងលើចូលក្នុងបន្ទប់ខ្លួន រួចដុតបន្ទប់នោះចោល បង្កឲ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅរួច ជនសង្ស័យបានព្យាយាមរត់គេចខ្លួនដែរ តែត្រូវសាច់ញាតិចាប់គ្រៀកជាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីយកសួរនាំ។


សូមបញ្ជាក់ថា ពេលអគ្គិភ័យឆាបឆេះកាន់តែខ្លាំងទៅៗ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅរថយន្តពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ភ្លាមៗ ហើយការឆាបឆេះនេះមិនមានមនុស្សណាម្នាក់រងរបួសទេ គឺខូចខាតតែទ្រព្យសម្បត្តិមួយចំនួនតែបណ្ណោះ ហើយបានរលត់ទៅវិញជាស្ថាពរ ក្រោយរថយន្តពន្លត់អគ្គិភ័យធ្វើការបាញ់ទឹកពន្លត់អស់ចំនួន៦គ្រឿង និងប្រើរយៈពេលជិតមួយម៉ោង ៕