រាជធានីភ្នំពេញ៖ ករណីទាស់ពាក្យសម្ដីគ្នារវាងអ្នកបើករថយន្តជាមន្រ្តីប៉េអឹម និងអ្នករត់ម៉ូតូកង់បី Pass App រហូតផ្ទុះជាហិង្សា បង្កការភ្ញាក់ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ហើយសមត្ថកិច្ចបានចុះអន្តរាគមន៍។
ករណីនេះបានកើតឡើង កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
ភាគីអ្នកបើករថយន្តម៉ាកកូរ៉ូឡា ពាក់ស្លាកលេខ 1AQ-3750 មានព្យួរកាតមន្រ្តីកងរាជអាវុធរាជធានីភ្នំពេញ និងប័ណ្ណបញ្ជាបេសកកម្ម ឈ្មោះអនុសេនីយត្រី អ៊ូច ថាំ តួនាទីជំនួយការកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ។
ចំណែកជនរងគ្រោះឈ្មោះ សុខ ចិន្ដា មុខរបរអ្នករត់ម៉ូតូកង់បី Pass App ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅស្រុកស្អាង ខេត្តកណ្ដាល មានស្រុកកំណើតនៅខេត្តស្វាយរៀង។


មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ សុខ ចិន្ដា បានបើកម៉ូតូកង់បី Pass App ដឹកភ្ញៀវធ្វើដំណើរតាមផ្លូវ ។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បើកមកក្បែរម៉ូតូ ហើយមើលមុខឌឺដងដាក់គ្នា ធ្វើកើតជាទំនាស់ពាក្យសម្ដី រហូតផ្ទុះជាហិង្សា ដោយភាគីរថយន្តបង្ក បានចុះមកវាយបុរសបើកម៉ូតូកង់បី បណ្ដាលឲ្យរងរបួស ហើយក៏ទ្បើងរថយន្តព្យាយាមបើករត់ តែត្រូវប្រជាពលរដ្ឋ និងជនរងគ្រោះ ជិះម៉ូតូកង់បីដេញដល់ស្ពានដែកចម្ការដូងទាន់ បង្កការភ្ញាក់ដល់ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនាំគ្នាវាយបែកកញ្ចក់រថយន្តមន្រ្តីប៉េអឹមនោះ ឲ្យរងការខូចខាត។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់ទីតាំងខាងលើ នាំភាគីទាំង២ និងរថយន្តមកប៉ុស្តិ៍នគរបាលបឹងទំពុនទី២ ធ្វើការសាកសួរអស់រយ:ពេលកន្លះម៉ោង ស្រាប់តែជនរងគ្រោះ សម្រេចចិត្តមិនដាក់ពាក្យបណ្ដឹងវិញ លទ្ធផលគ្មានអ្នកឈ្នះគ្មានអ្នកចាញ់។


តែយ៉ាងណា ពលរដ្ឋនៅកន្លែងកើតហេតុ បានរិះគន់ទៅលើមន្ត្រីអាវុធហត្ថ ដែលមានតួនាទីជាជំនួយការខណ្ឌព្រែកព្នៅ ទោះបីពលរដ្ឋខុសយ៉ាងណា គួរកុំប្រើអំណាំចមកវាយបុរសបើកម៉ូតូកង់បី បណ្ដាលឲ្យរងរបួសបែបនេះ ៕