ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់មានទំនាស់ពាក្យសម្ដីក្នុងវង់ផឹកស៊ីទាញកូនកាំបិតចុងស្រួចចាក់គូទំទាស់ ឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិគោកត្រាច ឃុំរើល ស្រុកពួក។
ជនសង្ស័យ ឈ្មោះ សារឿន រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ។ ចំណែកជនរងគ្រោះ ឈ្មោះ រើន រ៉ាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា។


មុនពេលកើតហេតុ ជនសង្ស័យ ឈ្មោះ សារឿន រ៉ា ផឹកស៊ីស្រវឹងបណ្ដាលឲ្យទំនាស់ពាក្យសំដីជាមួយជនរងគ្រោះ ឈ្មោះ រើន រ៉ាត់ រហូតឈានដល់ជនរងគ្រោះ ឈ្មោះ រើន រ៉ាត់ បានយកដំបងវាយលើជនសង្ស័យ ឈ្មោះ សារឿន រ៉ា ត្រូវ១ដំបងមុន ហើយលោតទៅចាប់ឱបទៀត តែត្រូវឈ្មោះ សារឿន រ៉ា ចាក់ដោយកូនកាំបិតកោរចុងស្រួច បណ្ដាលឲ្យឈ្មោះរើន រ៉ាត់ រងរបួសត្រូវចំដោះខាងស្ដាំ០១កន្លែង សាច់ដើមទ្រូង០១កន្លែង និងរយះស្បែកលើចិញ្ចើម០១កន្លែង(ស្រាល) ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

ចំណែកជនសង្ស័យ ឈ្មោះ សារឿន រ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួក ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសដោយចេតនា យកកូនកាំបិតចុងស្រួចចាក់លើឈ្មោះ រើន រ៉ាត់ ឲ្យរបួសពិតមែន។
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ច កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕