ខេត្តឧត្ដរមានជ័យ៖ បុរសម្នាក់ ខណៈកំពុងបើកម៉ូតូធ្វើដំណើរមិនចាប់អារម្មណ៍ ត្រូវរថយន្តឡិចស៊ីសមកបុកផ្ទប់ជាមួយនឹងបង្គោលរបង បណ្តាលឲ្យដាច់ប្រអប់ជើងម្ខាង កាលពីវេលាម៉ោង២ និង២៥នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦៨ ភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ។


ជនរងគ្រោះមានឈ្មោះ បួង បាន់ ភេទប្រុស អាយុ ៣០ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិប្រលាន ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែក អ្នកបើកបររថយន្តឈ្មោះ ស វុទ្ទី ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះអន្តរាគមន៍ជួយចាត់ចែងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យព្យាបាលរបួស។ បន្ទាប់មក ទើបធ្វើការវាស់វែង យកយានយន្តពាក់ព័ន្ធទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំធ្វើការដោះស្រាយជាមួយជនរងគ្រោះតាមផ្លូវច្បាប់៕