ខេត្តស្វាយរៀង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីលោកស្រី ម៉ាកនី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឈានដល់ចាប់មេខ្លោងទទួលផលចោរកម្ម ម្នាក់នៅឯខេត្តស្វាយរៀង កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិត្រពាំងឬស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្រោយពីជនសង្ស័យបានរត់គេចខ្លួនពីភ្នំពេញ ទៅសំងំលាក់ខ្លួននៅស្រុកកំណើតជាកន្លែងកើតហេតុបានជាង១០ថ្ងៃ ។
លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួននេះ មានឈ្មោះវ៉ាន់ សាវឿន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ មានស្រុកកំណើត ភូមិត្រពាំងឫស្សី ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង មានទីលំនៅផ្ទះជួល ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មានចោរ១ក្រុមបានធ្វើសកម្មពធាក់ និងដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ កាលវេលាម៉ោង០៣ និង១៥នាទី ទៀបភ្លឺថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្លូវបេតុងមុខរោងចក្រក្លេតភី ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ តែពេលនោះកម្លាំងសមត្ថកិច្ចបង្ក្រាបចាប់ខ្លួនបាន៣នាក់។

ជនសង្ស័យទី១-ឈ្មោះ មួន ភិរ័ក្ស អាយុ១៨ឆ្នាំ មុខរបររៀនជួសជុលម៉ូតូ, ទី២- ឈ្មោះ កែវ សុភាព អាយុ១៧ឆ្នាំ មុខរបរសិស្ស និងទី៣-ឈ្មោះ គង់ ប៊ុនសី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ ក្នុងនោះសមត្ថកិច្ចដកហូតម៉ូតូ ដែលប្លន់ពីជនរងគ្រោះ មួយគ្រឿងម៉ាក Honda C125 ឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HI-0319។ ចំណែកជនរងគ្រោះមានឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដែលជាបក្ខពួករបស់ជនសង្ស័យខាងលើ៕