រាជធានីភ្នំពេញ៖ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានផ្ញើរសារអបអរសាទរ ទិវាសិទ្ធិមនុស្ស អន្តរជាតិ១០ធ្នូ លើកទី៧១ (១០ធ្នូ១៩៤៨_១០ធ្នូ២០១៩)។

លោក កឹម សុខា បានសរសេរនៅលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី១០ ខែធ្នូនេះ ថា សូមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូលើកទី៧១(១០ធ្នូ១៩៤៨_១០ធ្នូ២០១៩) «ការពារសិទ្ធិមនុស្ស គឺថែរក្សាសន្តិភាព»។

លោកបន្ថែមថា ការរំលោភសិទ្ធិមនុស្ស នាំមកនូវភាពអយុត្តិធម៌ បង្កការឈឺចាប់ បណ្តាលឲ្យមានការរើរបម្រះ ហើយអាចនាំមកនូវអស្ថេរភាពសង្គម ដែលជាកត្តានាំឲ្យ ប៉ះពល់ដល់សន្តិភាព។ ដូចមានខ្លឹមសារ នៅក្នុងបុព្វកថានៃសេចក្តីប្រកាសជា សកលរបស់អង្គការសហ ប្រជាជាតិ ស្តីពីសិទ្ធិមនុស្ស ដែលរដ្ឋធម្មនុញ្ញខ្មែរ យើងទទួលស្គាល់ បានបញ្ជាក់ថា ការការពារសិទ្ធិមនុស្ស គឺជាការចាំបាច់ដើម្បីចៀសវាង កុំឲ្យមនុស្សត្រូវបង្ខំចិត្ត ជ្រើសរើសយកការប្រឆាំង នឹងការគៀបសង្កត់ រំលោភបំពានណាមួយ ដោយពឹងផ្អែកលើ ការរើបម្រះបះបោរ។

លោកកឹម សុខាគូសបញ្ជាក់ថា ត្រង់ចំណុចនេះ មានមនុស្សមួយចំនួនយល់ច្រឡំថា ដើម្បីរក្សាសន្តិភាព សង្គមមួយត្រូវបិទឬកាត់បន្ថយសិទ្ធិរបស់ប្រជាពលរដ្ឋ។

លោកបានឲ្យដឹងបន្ថែមថា ដោយយល់និងឲ្យតម្លៃខ្ពស់បំផុតលើសិទ្ធិមនុស្សដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍនោះហើយ ទើបជាងពីរទសវត្សន៍មកនេះ ខ្ញុំបានបូជាពេលវេលា សេចក្តីសុខផ្ទាល់ខ្លួន កម្លាំងកាយនិងចិត្ត ក្នុងការលើកកំពស់ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ សង្គមមួយមានស្ថេរភាព ទៅបានលុះត្រាតែមនុស្សគ្រប់រូប ក្នុងសង្គមនោះ ទទួលបាននូវយុត្តិធម៌ ពោលគឺមានសិទ្ធិសេរីភាព និងមិនត្រូវបានគេរំលោភបំពាន។

លោកបន្តថា សិទ្ធិមនុស្សគឺជាមរតក របស់មនុស្សជាតិ វាមិនមែនជារបស់ជាតិសាសន៍ ណាមួយផ្តាច់មុខ ឡើយ។ការចូលរួមលើកកំពស់និងការពារសិទ្ធិមនុស្ស មិនមែនជា ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងនេះទេ។ ហើយយើងក៏មិនត្រូវប្រមាថ ភាពជាមនុស្សរបស់ខ្មែរ ដោយលើកឡើងថា សិទ្ធិមនុស្សគឺជាគំនិត បរទេសនោះដែរ។ក្នុងនាមជាមនុស្ស ខ្មែរត្រូវការសិទ្ធិសេរីភាព។ នេះជាច្បាប់ធម្មជាតិ៕