រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ។


មហាសន្និបាតនេះធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

កម្ពុជាត្រូវបានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនពីប្រទេសឡាវក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មា ធិការប្រតិបត្តិលើកទី៣២ និងមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ ដែលបានគ្រោងទុកទៅតាមខ្លឹមសាររបៀបវារៈនៃកិច្ចប្រជុំមានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩។ សហព័ន្ធអតីតយុទ្ធជនអាស៊ាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨០ ហើយបច្ចុប្បន្នមានសមាជិកចំនួន១០ប្រទេស ដូចជាព្រុយណេដារ៉ូសាឡឹម, កម្ពុជា, ឥណ្ឌូនេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សឹង្ហបុរី, ថៃ, និងវៀតណាម៕