រាជធានីភ្នំពេញ៖ លោកផែង វណ្ណៈ បានបង្ហោះហេ្វសប៊ុក កាលពី១ម៉ោងមុន មានខ្លឹមសារថា « ប្រភពច្បាស់ការពីមន្ត្រីអយ្យការអមសាលាដំបូងខេត្តព្រៃវែងបានអោយដឹងមុននេះបន្តិចថា ជនសង្ស័យករណី ឈ្មោះ ប៊ិន ប៊ន ដែលចាប់រំលោភកុមារីរងគ្រោះនៅ ស្រុកបាភ្នំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ បន្ទាប់ពីមានការរិះគន់ខ្លាំងលេីបណ្ដាញសង្គម ហ្វេសប៊ុក »។
សូមបញ្ជាក់ថា លោកអធិការនគរបាលស្រុកបាភ្នំ បានដោះលែងជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈក្មេងស្រីអាយុ១១ឆ្នាំ រហូតបានសម្រេចចំនួន៥ដង ឲ្យទៅផ្ទះវិញ ដោយសំអាងថា ជនសង្ស័យឈ្មោះ ពិន ប៊ន បានបដិសេដថា មិនបានរំលោភលើក្មេងស្រីនោះទេ ហើយដោយសារខាងដើមបណ្តឹងពុំមានសាក្សីដឹងឮ ឬឃើញថាឈ្មោះ ពិន ប៊ន ជាអ្នករំលោកនោះដែរ ។


ជនសង្ស័យឈ្មោះ ពិន ប៊ន ភេទប្រុស យុ៦១ឆ្នាំ រស់នៅភូមិតាពេជត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ។
ចំណែកក្មេងស្រីរងគ្រោះ ទើបមានអាយុ១១ឆ្នាំ មានម្តាយឈ្មោះនួន មៀង អាយុ៤១ឆ្នាំ និងឪពុកឈ្មោះយី មន អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ក្មេងស្រីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ពិន ប៊ន បានហៅនាងទៅជួយទូលស្រូវពូជយាយនៅឯស្រែក្រោយផ្ទះ ។ តែពេលទៅដល់អត់ឃើញយាយ នាងក៏បានសួរជនសង្ស័យថា ឯណាយាយ? ស្រាប់តែជនសង្ស័យបានរត់ទៅចាប់ខ្ទប់មាត់នាង ហើយយកទៅរំលោភបានសម្រេចតែម្តង ថែមទាំងគំរាមកំហែងនាងមិនឲ្យប្រាប់ម៉ែឪនោះទេ បើហ៊ានប្រាប់គេនឹងអារ.កសម្លាប់ចោល ហើយក្រោយមកទៀត ជនសង្ស័យបានរំលោភជាបន្តបន្ទាប់រហូតបាន៥ដង។
ក្មេងស្រី បន្តថា លុះមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ រឿងនេះបានបែកការណ៍ដល់ម្តាយ និងឪពុកនាង ក៍បានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍រក្សជ័យ។


ម្តាយឪពុកក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹង លោកអធិការស្រុក និងលោកមេប៉ុស្តិ៍ បានហៅជនសង្ស័យ ឈ្មោះ ពិន ប៊ន មកសួរនាំ រយៈពេលត្រឹម៤ម៉ោង ក៏ដោះលែងឲ្យជនសង្ស័យត្រឡប់ទៅផ្ទះវិញ យ៉ាងរំភើយ ។
ម្តាយឪពុកក្មេងរងគ្រោះបន្តទៀតថា គាត់ឆ្ងល់ណាស់ហេតុអ្វីបានជាលោកអធិការស្រុក និងលោកមេប៉ុស្តិ៍ ឲ្យជនសង្ស័យត្រលប់មកផ្ទះវិញស្រួលៗបែបនេះ សង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ។


ជុំវិញបញ្ហានេះ លោក ម៉ុម សារ៉ុម អធិការនគរបាលស្រុកបាភ្នំ ចេញមុខមកបដិសេធថា ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣៖២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរក្សជ័យ បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ នួន មាង ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិតាពេជត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ប្តឹងទៅលើឈ្មោះ ពិន ប៊ន ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិតាពេជត្បូង ឃុំរក្សជ័យ ពីបទរំលោភសេពសន្ថវ: ទៅលើកូនស្រីរបស់គាត់អាយុ១១ឆ្នាំ បានចំនួន៥ដង ។
ក្រោយពេលទទួលពាក្យបណ្តឹង លោកបានកោះហៅឈ្មោះពិន ប៊ន មកសាកសួរនៅប៉ុស្តិ៍ តែជនសង្ស័យឈ្មោះ ពិន ប៊ន បានបដិសេដថាមិនបានរំលោភលើក្មេងស្រីនោះទេ ហើយដោយសារខាងដើមបណ្តឹងពុំមានសាក្សីដឹងឮ ឬឃើញថាឈ្មោះ ពិន ប៊ន ជាអ្នករំលោកនោះទេ ទើបសមត្ថកិច្ចឆ្លងទៅជំនាញខេត្ត និងព្រះរាជអាជ្ញា បានប្រាប់មកវិញថាមិនមានសាក្សី ឬភ័ស្តុតាងត្រូវដាក់បន្ទុកនោះទេ ឲ្យគេទៅផ្ទះវិញ ៕