ខេត្តព្រៃវែង៖ ក្រោយហៅមកសាកសួររយៈពេលត្រឹមតែ៤ម៉ោង ប៉ុណ្ណោះ លោកអធិការ
នគរបាលស្រុកបាភ្នំ បានដោះលែងជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ
ក្មេងស្រីអាយុ១១ឆ្នាំ រហូតបានសម្រេចចំនួន៥ដង ឲ្យទៅផ្ទះវិញ ដោយសំអាងថា ជនសង្ស័យឈ្មោះ ពិន ប៊ន បានបដិសេដថាមិនបានរំលោភលើក្មេងស្រីនោះទេ ហើយដោយសារខាងដើមបណ្តឹងពុំមានសាក្សីដឹងឮ ឬឃើញថាឈ្មោះ ពិន ប៊ន ជាអ្នករំលោកនោះដែរ ។ ទីបំផុតជនសង្ស័យបានរត់គេចខ្លួនបាត់ សង្ស័យមានមានការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ។


ជនសង្ស័យឈ្មោះ ពិន ប៊ន ភេទប្រុស យុ៦១ឆ្នាំ រស់នៅភូមិតាពេជត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ។
ចំណែកក្មេងស្រីរងគ្រោះ ទើបមានអាយុ១១ឆ្នាំ មានម្តាយឈ្មោះនួន មៀង អាយុ៤១ឆ្នាំ និងឪពុកឈ្មោះយី មន អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ក្មេងស្រីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យឈ្មោះ ពិន ប៊ន បានហៅនាងទៅជួយទូលស្រូវពូជយាយនៅឯស្រែក្រោយផ្ទះ ។ តែពេលទៅដល់អត់ឃើញយាយ នាងក៏បានសួរជនសង្ស័យថា ឯណាយាយ? ស្រាប់តែជនសង្ស័យបានរត់ទៅចាប់ខ្ទប់មាត់នាង ហើយយកទៅរំលោភបានសម្រេចតែម្តង ថែមទាំងគំរាមកំហែងនាងមិនឲ្យប្រាប់ម៉ែឪនោះទេ បើហ៊ានប្រាប់គេនឹងអារ.កសម្លាប់ចោល ហើយក្រោយមកទៀត ជនសង្ស័យបានរំលោភជាបន្តបន្ទាប់រហូតបាន៥ដង។
ក្មេងស្រី បន្តថា លុះមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ រឿងនេះបានបែកការណ៍ដល់ម្តាយ និងឪពុកនាង ក៍បានទៅដាក់ពាក្យបណ្តឹងសមត្ថកិច្ចនៅប៉ុស្តិ៍រក្សជ័យ។


ម្តាយឪពុកក្មេងស្រីរងគ្រោះ បានឲ្យដឹងថា ក្រោយទទួលពាក្យបណ្តឹង លោកអធិការស្រុក និងលោកមេប៉ុស្តិ៍ បានហៅជនសង្ស័យ ឈ្មោះ ពិន ប៊ន មកសួរនាំ រយៈពេលត្រឹម៤ម៉ោង ក៏ដោះលែងឲ្យជនសង្ស័យត្រឡប់ទៅផ្ទះវិញ យ៉ាងរំភើយ ។
ម្តាយឪពុកក្មេងរងគ្រោះបន្តទៀតថា គាត់ឆ្ងល់ណាស់ហេតុអ្វីបានជាលោកអធិការស្រុក និងលោកមេប៉ុស្តិ៍ ឲ្យជនសង្ស័យត្រលប់មកផ្ទះវិញស្រួលៗបែបនេះ សង្ស័យមានការប្រព្រឹត្តអំពើពុករលួយ ។
ជុំវិញបញ្ហានេះ លោក ម៉ុម សារ៉ុម អធិការនគរបាលស្រុកបាភ្នំ ចេញមុខមកបដិសេធថា ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣៖២០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលរក្សជ័យ បានទទួលពាក្យបណ្តឹងមួយច្បាប់ពីឈ្មោះ នួន មាង ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិតាពេជត្បូង ឃុំរក្សជ័យ ស្រុកបាភ្នំ ប្តឹងទៅលើឈ្មោះ ពិន ប៊ន ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិតាពេជត្បូង ឃុំរក្សជ័យ ពីបទរំលោភសេពសន្ថវ: ទៅលើកូនស្រីរបស់គាត់អាយុ១១ឆ្នាំ បានចំនួន៥ដង ។


ក្រោយពេលទទួលពាក្យបណ្តឹង លោកបានកោះហៅឈ្មោះពិន ប៊ន មកសាកសួរនៅប៉ុស្តិ៍ តែជនសង្ស័យឈ្មោះ ពិន ប៊ន បានបដិសេដថាមិនបានរំលោភលើក្មេងស្រីនោះទេ ហើយដោយសារខាងដើមបណ្តឹងពុំមានសាក្សីដឹងឮ ឬឃើញថាឈ្មោះ ពិន ប៊ន ជាអ្នករំលោកនោះទេ ទើបសមត្ថកិច្ចឆ្លងទៅជំនាញខេត្ត និងព្រះរាជអាជ្ញា បានប្រាប់មកវិញថាមិនមានសាក្សីឬភស្តុតាងត្រូវដាក់បន្ទុកនោះទេ ឲ្យគេទៅផ្ទះវិញ តែត្រូវធ្វើកិច្ចសន្យាធានាត្រឹមត្រូវពីប្រពន្ធកូនគាត់ ។
លុះដល់ព្រឹកឡើង ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានទៅហៅឈ្មោះ ពិន ប៊ន មកសាកសួរម្តងទៀត តែជនសង្ស័យបានរត់គេចខ្លួនបាត់ ហើយប្រពន្ធកូនគាត់ ប្រាប់ថាគាត់មាន ជំងឺគាំងបេះដូងទៅមើលនៅភ្នំពេញ បាត់ហើយ។
តែពេលនេះ សមត្ថកិច្ចបានបន្តធ្វើសំណុំរឿងនិងស្រាវជ្រាវតាមនីតិវិធីច្បាប់ ៕