រាជធានីភ្នំពេញ ៖ រថយន្តហ្វ័ររេន័រមួយគ្រឿងបើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករះរថយន្តពីរគ្រឿង និងម៉ូតូពីរគ្រឿង រួមទាំងរ៉ឺម៉កមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ស្រាល កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខហាងនំប៉័ងបាយ័ន សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។


មុនបេលកើតហេតុ គេឃើញរថយន្តបង្កម៉ាកហ្វ័ររេន័រមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចផ្លូវស្ទះចរាចរណ៍ ក៏ជ្រុលចង្កូតបុកគូថរថយន្តហាយឡែនឌ័រមួយគ្រឿង រួចរុញទៅបុករថយន្តឡង់គ្រីស័រមួយគ្រឿងទៀតដែលនៅខាងមុខពេញទំហឹង ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ក៏បានទៅបុកផ្ទប់ជាមួយរ៉ឺម៉កមួយគ្រឿងនឹងម៉ូតូពីរគ្រឿងបន្ថែមទៀត បណ្តាលឲ្យមុស្សប្រុសស្រី ចំនួន៤នាក់ រងរបួសធ្ងន់ស្រាល ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍បានចុះវាស់វែង រួចបានអូសរថយន្ត និងម៉ូតូខូចខាតទាំងអស់ យកទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕