ខេត្តកណ្តាល៖ យុវជន១ក្រុម បានយកដាវនាំគ្នាដេញកាប់យុវជនម្នាក់ទាំងថ្ងៃ បង្កការផ្អើលពេញភូមិ ព្រោះតែជនរងគ្រោះរងគ្រោះមើលមុខស្រីស្នេហ៍របស់ខ្លួន។ ករណីហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ១៧ និង២៥នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ។
ជនរងគ្រោះឈ្មោះ ឡុង ពន្លឺ ភេទ ប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ចំណែក ជនសង្ស័យ ទី១.ឈ្មោះបាន រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២.ឈ្មោះរ៉ន ប្រុសណុច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី៣.ឈ្មោះទេស ច័ន្ទម៉ានិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង១៧និង២៥ នាទី ជនរងគ្រោះនិងមិត្តភក្កិបីនាក់ បានបបួលគ្នាទៅហូបអី នៅហាងបងធម៌ ស្ថិតនៅ ភូមិស្ដៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ។ ពេលជនរងគ្រោះកំពុងអង្គុយហូបអីប្រហែល២០នាទី បានដើរទៅបត់ជើងតូច(នោម) ពេលដើរទៅបានឃើញនារីម្នាក់អង្គុយតុផ្សេងហើយ(ស្រីស្នេហ៍ជនដៃដល់) ក៏បានមើលនារីម្នាក់នោះ ស្រាប់តែជនសង្ស័យនិងបក្ខពួកបានស្រែកថាឯងមើលអី ហើយពេលនោះជនរងគ្រោះ បានឆ្លើយតបថាខ្ញុំមើលមិត្តភក្កិខ្ញុំទេ ក៏ត្រឡប់ទៅតុរបស់ខ្លួនវិញ។


ប្រភពបន្តថា លុះប្រហែល២៥នាទី ក្រោយជនរងគ្រោះនិងមិត្តភក្តិ ក៏ងើបបែកគ្នាទៅផ្ទះរៀងៗខ្លួន ហើយជនរងគ្រោះបានជិះម៉ូតូមកផ្ទះបងប្រុសជីដូនមួយនៅភូមិខ្សុំ ឃុំបន្ទាយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ភ្លាមនោះជនសង្ស័យនិងបក្ខពួក បានជិះម៉ូតូដេញតាមវាយ ជនរងគ្រោះរហូតមកដល់ផ្ទះបងប្រុសជីដូនមួយ ប៉ុន្តែជនរងគ្រោះបានរត់ឡើងលើផ្ទះ សង្ស័យ និងបក្ខពួកបានវាយម៉ូតូរបស់ជនរងគ្រោះតែម្តង ។ រហូតដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្ដឹងរួច ប៉ុស្តិ៍បន្ទាយដែកបានសហការ ជាមួយកម្លាំង ព្រហ្មទណ្ឌស្រុកកៀនស្វាយ ចុះស្រាវជ្រាវ ហើយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕