រាជធានីភ្នំពេញ៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនសង្ស័យ៣នាក់ ប្ដីប្រពន្ធ និងកូនស្រី តាមអំណាចសាលក្រមព្រហ្មទណ្ឌ ដែលបានផ្តន្ទាទោសក្នុងម្នាក់ៗចំនួន១៨ខែ ពាក់ព័ន្ធបទល្មើសមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានប័ត្រអត់សាច់ប្រាក់)។


កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ លោក លី សុខលេង ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យសមត្ថកិច្ចធ្វើការ ចាប់ខ្លួនពិរុទ្ធជនឈ្មោះ សេង ហាក់ ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវជាប្ដីអ្នកស្រី ស៊ុន ម៉ារ៉ា អាយុ៥៥ឆ្នាំ និងឈ្មោះ សេង ស័ក្ដសីម៉ា ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាកូនស្រី ដើម្បីនាំខ្លួនពិរុទ្ធជនខាងលើ យកទៅដាក់ពន្ធនាគារតាមកំណត់ច្បាប់។


ជាមួយគ្នានេះដែរ សមត្ថកិច្ច និងជនរងគ្រោះ ក៍បានប្រកាសថា បើបងប្អូនប្រជាពលរដ្ឋណាបានឃើញ បានរាយការណ៍ និងផ្តល់ព័ត៌មាន ដែលឈានឲ្យសមត្តកិច្ចចាប់ខ្លួនជនជាប់ចោទទាំង៣នាក់ខាងលើនេះបាន នឹងមានជូនរង្វាន់ជាទីគាប់ចិត្ត ។ សូមទាក់ទងមកលេខ ០១២ ៩៩ ៤០ ៥០៕