ខេត្តព្រះសីហនុ៖ ប្តីប្រពន្ធ២នាក់ ជិតដល់ថ្ងៃរៀបចំមង្គលការកូនទៅហើយ ស្រាប់តែជួបគ្រោះកំណាច ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់ទឹក នៃផ្ទះជួលមួយកន្លែង ស្ថិតត្រង់ចំណុចក្រុមទី១៥ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៤និង៤០នាទីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ។


ជនរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់នេះ មានឈ្មោះស៊ុ សារ៉ន ភេទប្រុស អាយុ៤១ឆ្នាំ (ប្ដី) និងប្រពន្ធឈ្មោះពៅ ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ ។ ជនរងគ្រោះទាំង២នាក់ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ (មុខរបរជាកូនកាំបិតក្នុងកាស៊ីណូមួយកន្លែង) ។ ចំណែក ម្ចាស់ផ្ទះជួលឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ ។
ប្រភពព័ត៌មានពីអ្នកធ្វើការជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ គេមិនឃើញប្ដីប្រពន្ធជនរងគ្រោះ ទៅធ្វើការដូចសព្វដងចឹង ទើបពួកគាត់ត្រឡប់មកហៅជនរងគ្រោះ។ ពេលមកដល់ ក៏គោះទ្វារបន្ទប់ជួលហៅជនរងគ្រោះ តែគ្មានអ្នកឆ្លើយតបទេ លុះពេលអើតមើល តាមបង្អួចស្រាប់តែឃើញប្តីប្រពន្ធជនរងគ្រោះត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅក្នុងបន្ទាប់ទឹកបាត់ទៅហើយ ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។


សមត្ថកិច្ច បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានមនុស្សស្លាប់ សមត្ថកិច្ចជំនាញសហការគ្នាចុះដល់ទីតាំង ដើម្បីធ្វើកោសល្យវិច័យសពជនរងគ្រោះ រួចបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះទាំង២ បណ្តាលមកពីខ្សែភ្លើងឆក់ (ឆ្លងចរន្តក្នុងបន្ទប់ទឹក) ដោយបន្ទប់នោះតូចចង្អៀត ។ ក្រោយពេលកើតហេតុ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ជិតដល់ថ្ងៃការកូនហើយ ពោលគឺនៅសល់តែ២ថ្ងៃទៀត ជនរងគ្រោះនឹងដើរអញ្ជើញភ្ញៀវការ តែដឹងអី! ក៏ជួបគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះតែម្តង៕