ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៩ ឯកឧត្តម ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អ​ញើញ​ជា​អធិបតី​ក្នុង​ពិធី​បើក ការដ្ឋាន​ការងារ​ស្តារ​អូរ​ប្រឡាយ​ទាំង​៥ ខ្សែ​នៅ​ខេត្ត​ព្រះ​សីហ​នុ ខេត្ត​ព្រះ​សីហ​នុ (​អូរ​ឈើទាល អូរ​អេ​ម៉ា​រី​អូ អូរ​សំអាត អូរ​អណ្តូង​អ៊ុ​ន​តាក់ អូរ​ស្ពាន​ឆេះ​) គ្រោង​ចំណាយ​ថវិកា ប្រមាណ​១០​ពាន់​លាន​រៀល ដោយ​មានការ​ចូលរួម​ពី មន្ត្រីជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ឯកឧត្ដម ជាម ហ៊ី​ម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ អាជ្ញាធរ​ដែនដី ក្រុម​ជំនាញការ និង​ភាគី​ពាក់ព័ន្ធ​ផង​ដែរ ។​

​ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន ឯកឧត្តម ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ញូ​ន បាន​មាន​ប្រសាសន៍​ថា អូរ​ប្រឡាយ​ទឹក​កខ្វក់ ចំនួន​៥​ខ្សែ នៅ​ក្រុងព្រះសីហនុ នឹង​ត្រូវ​ស្តារ​ឲ្យ​រួច​ជា​ស្ថាពរ ត្រឹម​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​នូវ​ការ​រំដោះ​ទឹក​កខ្វក់​ចេញពី​ប្រឡាយ​ទាំង​ប្រាំ ដើម្បី​បរិស្ថាន​ស្អាត ។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ការ​ស្តារ​អូ​ធម្មជាតិ​ទាំង​៥ និង​លូ ដែល​មាន​ស្រាប់​ដែល​សព្វថ្ងៃ​កំពុង​ទទួល​រង​នូវ​ការ​រំលោភ​យក​ដី​ចំណី​អូរ និង​ប្រឡាយ​ដើម្បី​បើកមុខ​ទឹក និង​ដោះស្រាយ​ជំនន់​ទឹកភ្លៀង ការ​កសាង​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់ និង​ការ​ពង្រីក​ប្រ​ព័​ន្ឋ​លូ និង​តម្រូវការ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​រូប​វន្ត​ផ្សេង​ទៀត ។​

​ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​រំឭក​ឡើង​វិញ​អំពី​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អនុញ្ញាត​ឲ្យ ប្រើប្រាស់​ថវិកា​សន្សំ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ត្រូវ អនុវត្ត​នូវ​គោលការណ៍ «​យក​ស្លឹក​ត្នោត​ខ្ចប់​ស្ករត្នោត​» ក្នុង​ការ​ស្ថាបនា ជួសជុល កសាង​ផ្លូវ​ក្នុង​ក្រុង ផ្លូវ​វាង​ក្រុង ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង និង​ប្រព័ន្ធ​ទឹក​កង្វក់​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ៕