រាជធានីភ្នំពេញ៖ ជនសង្ស័យជាអ្នកបើកបររថយន្ត និងព្រូរថយន្ត ៣នាក់ បានឃុបឃិតគ្នាផ្តាច់ប្រព័ន្ធGPS បំណងលួចរថយន្តម៉ាក Hyundai Mighty មួយគ្រឿងរបស់ថៅកែខ្លួន តែត្រូវបានថៅកែដឹងទាន់ ក៍ចាប់ខ្លួនប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង០៥ព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលបានឃុបឃិតគ្នាផ្តាច់ប្រព័ន្ធGPS បំណងលួចរថយន្ត ទាំង៣នោះរួមមាន៖ ទី១.ឈ្មោះវិន វី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ។ ទី២.ឈ្មោះរស់ សារុំ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត ។ ទី៣.ឈ្មោះ ណូ មុន្នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរព្រូរថយន្ត ។ ជនសង្ស័យទាំង០៣នាក់ មានទីលំនៅភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ចំណែកជនរងគ្រោះឈ្មោះខា ស្រីអូន ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ៨ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីជនរងគ្រោះជាថៅកែ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងសម្រាកនៅផ្ទះ ស្រាប់តែមានគេទូរស័ព្ទប្រាប់ថា ជនសង្ស័យទាំងបីនាក់ដឹងកន្លែងផ្កាច់ប្រព័ន្ធGPS ដែលគាត់បានដាក់លើករថយន្តម៉ាក Hyundai Mighty ពាក់ស្លាកលេខ ភ្នំពេញ 3D-8253នោះហើយ និងបានយកសោទៅបាត់ទៀត។ ភ្លាមៗនោះ គាត់ក៏បានហៅមេការឈ្មោះ បិត តុលា ឲ្យទៅកន្លែងដែលបាត់រថយន្តខាងលើ ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ប្រគល់ជូនសមត្ថកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសាកសួរ និងដាក់ពាក្យបណ្ដឹងជនសង្ស័យទាំងបីនាក់ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ តែម្ដង៕