រាជធានីភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅបានសម្រេចហើយ នាំគ្នាគេចខ្លួនមករាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិកាដ្ឋាននគរបាលស្រុកព្រៃឈរ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលថ្ងៃទី១៦ និងថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ ពាក់ព័ន្ធករណី អំពើលួច(លួចយកទ្រព្យសម្បត្តិ) ប្រព្រឹត្តនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភូមិអូរជ្រក ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ជនសង្ស័យទី១-ឈ្មោះ សុខ សី ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខ របរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។ ឃាត់ខ្លួនថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤.០០ នាទី នៅចំណុចផ្លូវលំ ភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។
ទី២-ឈ្មោះ លី ផានិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ ឃាត់ខ្លួនថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១១.០០នាទី នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ទី៣-ឈ្មោះ ហន លី ភេទ ស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ឃាត់ខ្លួនថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១.០០នាទី នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។


ឮវត្ថុតាង រួមមាន៖ ទូរសព្ទ័ដៃ ចំនួន០៣គ្រឿង , នាឡិកាដៃ ចំនួន០៥ គ្រឿង, កងដៃធ្វើពីលោហធាតុ ពណ៌លឿងស្លេក ចំនួន១៤ កង , ខ្សែដៃធ្វើពីលោកហធាតុ ពណ៌លឿងស្លេក ចំនួន ០១ខ្សែ , ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ចំនួន០១ខ្សែ , បណ្តោងរូបផ្កាចំប៉ា ស្រោមលោហធាតុពណ៌លឿងស្លេកចំនួន ០១ , ម៉ូតូម៉ាក AEROX ចំនួន ០១ គ្រឿង និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យទាំង៣ និងវត្ថុតាងខាងលើ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតសាលារាជធានីភ្នំពេញ កសាងឯកសារប្រគល់ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពងចាម កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕