ក្រុងហុងកុង ៖ មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ថ្កោលទោសចំពោះការប្រើអំពើហិង្សា ដោយមិនសមហេតុផលនៅក្នុងទីក្រុងហុងកុង ហើយបានទទូចឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ធានាការពារនូវសិទ្ធិសេរីភាពរបស់ហុងកុង ស្របពេលដែលប៉ូលិសហុងកុង និងក្រុមបាតុករបានបន្តប៉ះទង្គិចយ៉ាងកាន់តែអាក្រក់ទៅៗ។
ក្រោយក្រុមបាតុករយកសាកលវិទ្យាល័យធំមួយជាទីតាំងប្រយុទ្ធជាមួយប៉ូលិស មក នាថ្ងៃចន្ទនេះ ប៉ូលិសហុងកុង បានព្រមានថា គេនឹងប្រើប្រាស់គ្រាប់កាំភ្លើងពិត បើសិនជាក្រុមបាតុករមិនព្រមបញ្ឈប់ការវាយប្រហារលើក្រុមមន្ត្រីប៉ូលិសដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំង ទេនោះ។


ការព្រមានខាងលើរបស់ប៉ូលិសហុងកុង ធ្វើឡើងជាលើកដំបូងបំផុត និងបន្ទាប់ពីមានការប៉ះទង្គិចដ៏ហិង្សាបានផ្ទុះឡើង កាលពីថ្ងៃអាទិត្យម្សិលមិញ នៅឯសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ជាទីដែលក្រុមបាតុករ កំពុងប្រើប្រាស់ជាទីលានប្រយុទ្ធជាមួយប៉ូលិស ដោយប្រើប្រាស់ធ្នូ និងគ្រាប់បែកសាំង ព្រមទាំងអាវុធមួយចំនួនទៀត។
នៅក្នុងសារមួយបង្ហោះលើ Facebook អ្នកនាំពាក្យរដ្ឋាភិបាល លោកល្វីស ឡូ (Louis Lau) បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមព្រមានដល់ក្រុមកុបករមួយចំនួន ឱ្យបញ្ឈប់ជាបន្ទាន់ការប្រើប្រាស់គ្រាប់បែកសាំង ធ្នូ ឬអាវុធនានាប្រឆាំងនឹងប៉ូលិស… តែបើសិនជាពួកគេនៅតែបន្តសកម្មភាពបង្កគ្រោះថ្នាក់បែបនេះតទៅទៀតនោះ យើងគ្មានជម្រើសអ្វីផ្សេង ក្រៅតែពីការប្រើប្រាស់វិធានការចាំបាច់ ក្នុងនោះរួមមានទាំងគ្រាប់កាំភ្លើងពិតផងដែរ»។


គួរបញ្ជាក់ថា ក្រោយពីក្រុមបាតុករប្រឆាំងរដ្ឋាភិបាលចូលទៅយកសាកលវិទ្យាល័យពហុបច្ចេកទេសហុងកុង ធ្វើជាទីតាំងប្រយុទ្ធជាមួយប៉ូលិស ជាច្រើនថ្ងៃមកហើយនោះ អំពើហិង្សាមានលក្ខណៈកាន់តែអាក្រក់ទៅៗ ។ ប៉ុន្តែអ្វីដែលគេព្រួយបារម្ភ នោះគឺខ្លាចចិន ប្រើប្រាស់កងទ័ព ដើម្បីដោះស្រាយវិបត្តិនៅក្នុងទីក្រុងហុងកុង៕