រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកម៉ូតូម៉ាកHonda Scoopy មួយគ្រឿង ពេញទំហឹង ។

ហេតុការណ៍នេះកើតមានឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៤ កាលពីវេលាម៉ោង១១និង០៥នាទីយប់ នៅអាទិត្យ ថ្ងៃទី៩ ខែវិច្ចិកា ឆ្នាំ២០១៩ ត្រង់ចំណុចកែងនិងផ្លូវទំនប់កប់ស្រូវ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ យឿន សីហា ភេទប្រុស អាយុ២៥ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្រុកកំណើតនៅក្នុងឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកHonda Scoopy សេរីឆ្នាំ 2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2HT.2193 ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៤ ស្រាប់តែដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមិនស្គាល់ ម៉ាកមួយគ្រឿងបើកស្របទិសគ្នា មកបុកពីក្រោយបណ្តាលឲ្យបុរសដែលបើកម៉ូតូ ស្លាប់ភ្លាមៗ។ ចំណែករថយន្តបង្កបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង រួចយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។ ចំណែកឯសពជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕