ភ្នំពេញ៖ ថ្មីៗនេះ មហាជនបានផ្ទុះការរិះគន់ទៅលើលោកមេប៉ុស្តិ៍ច្បារអំពៅ២ ដែលវាយខ្នោះ និងដាក់ច្រវាក់ជើង ក្មេងអាយុ១៥ឆ្នាំ ដើម្បីសួរចម្លើយ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទមួយគ្រឿង ដែលមើលទៅហាក់បីដូចជាទោសធ្ងន់ធ្ងរពេក រហូតមានការShareចែករំលែកពេញបណ្តាញសង្គម ។


ក្រោយផ្ទុះការរិះគន់យ៉ាងក្តៅគគុកនេះ លោក ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកព្រហ្មទណ្ឌ បានបញ្ជាក់ថា លោកមេប៉ុស្តិ៍ច្បារអំពៅ២ ពិតបានដាក់ខ្នោះជើងជនសង្ស័យពិតប្រាកដមែន ប៉ុន្តែដាក់ក្នុងពេលសួរចម្លើយតែមួយភ្លែតប៉ុណ្ណោះ ដើម្បីកុំឲ្យជនសង្ស័យរត់គេចខ្លួន ហើយក៏បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមិនបានដាក់ខ្នោះជើងជើងជនសង្ស័យនោះ មួយយប់រហូតទល់ភ្លឺនោះទេ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យជាក្មេងអាយុទើបតែ១៥ឆ្នាំម្នាក់ បានធ្វើសកម្មភាពឆក់ទូរសព្ទពីប្រជាពលរដ្ឋ នៅចំណុចគល់ស្ពានព្រះមុនីវង្សចាស់ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។


ជនសង្ស័យមានឈ្មោះ ផ.ណ ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ បានធ្វើសកម្មភាពឆក់ទូរសព្ទរបស់ជនរងគ្រោះឈ្មោះ ភិន សោភា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅភូមិតាងូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលបានសៀតទូរស័ព្ទ ក្នុងកាបូបពណ៌ខ្មៅ ស្ពាយចំហៀង រួចជិះម៉ូតូទៅលក់ខោអាវនៅផ្សាររាត្រី បានសម្រេច រួចរត់គេចខ្លួន។ លុះដល់ម៉ោង៨យប់ ថ្ងៃដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង(ទូរស័ព្ទរបស់ជនរងគ្រោះ) ដាក់ខ្នោះយកទៅប៉ុស្តិ៍ច្បារអំពៅ២ និងដាក់ច្រវាក់ជើង ដើម្បីសាកសួរ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។


ករណីនេះបានបែកធ្លាយចេញរូបភាពជនសង្ស័យជាក្មេងអាយុ១៥ឆ្នាំខាងលើ ត្រូវបានសមត្ថកិច្ចវាយខ្នោះដៃ និងដាក់ច្រវ៉ាក់ជើង រហូតត្រូវបានមហាជនផ្ទុះការរិះគន់ទៅលើលោកមេប៉ុស្តិ៍ច្បារអំពៅ២ ថា ហាក់បីដូចជាក្មេងប្រុសជាជនសង្ស័យមានទោសធ្ងន់ធ្ងរពេក ៕