ខេត្តកំពង់ស្ពឺ៖ ក្រុមអ្នកញៀនល្បែងប្រុសស្រីមួយក្រុមកំពុងជុំគ្នាចំតិតអ៊ុតអាប៉ោង យ៉ាងសប្បាយអឺងកង កម្លាំងសមត្ថកិច្ចទៅទាន់ រត់ជាន់ជើងគ្នាបាត់អស់ ចាប់បានតែស្រីម្ចាស់ផ្ទះ និងស្រីអ្នកលេងម្នាក់២នាក់ដកហូតបានម៉ូតូចំនួន០៥គ្រឿង និងសម្ភារៈជាច្រើនទៀត កាលពីថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ។


ស្រីម្ចាស់ផ្ទះឈ្មោះ ជ័យ លួន ភេទស្រី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ ខាងលើ និងអ្នកលេងឈ្មោះ លី ជុំនាប់ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិគោក ឃុំសង្កែសាទប។
មុនពេលឃាត់ខ្លួន សមត្ថកិច្ចបានចុះទៅអប់រំណែនាំស្រីម្ចាស់ផ្ទះឈ្មោះ ជ័យ លួន ច្រើនលើកមកហើយថា កុំបើកឲ្យក្រុមអ្នកញៀនល្បែងអាប៉ោងនៅផ្ទះរបស់ខ្លួនទៀត តែស្រីម្ចាស់ផ្ទះខាងលើមិនព្រមធ្វើតាមការណែនាំ ។

លុះដល់វេលាដូចខាងលើ ពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា ស្រីម្ចាស់ផ្ទះឈ្មោះ ជ័យ លួន បានបើកឲ្យក្រុមអ្នកញៀនល្បែងអាប៉ោងនេះលេងច្រើនថ្ងៃមកហើយ
កម្លាំងសមត្ថកិច្ចក៍ចុះទៅបង្ក្រាបតែម្តង ដោយឃាត់ខ្លួនមនុស្សពីរនាក់ និងដកហូតសម្ភារៈរួមមាន៖ម៉ូតូចំនួន០៥គ្រឿង មួកការពារចំនួន០៣, លុយខ្មែរចំនួន៦១៥៥០០រៀល, លុយអាមេរិក ៣ដុល្លារ , កាបូប២, ទៀន៤ដើម, ទូរស័ព្ទ០១គ្រឿង ម៉ាកអូប៉ូ, ស្បែកជើង៣គូ , កម្រាលអាប៉ោង០១ ,គំរបអាប៉ោង០១ និងទ្រនាប់អាប៉ោង០១ ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួន ស្ត្រីទាំងពីរបានសារភាពថា ពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងប្រាកដមែន ហើយត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕