ខេត្តកណ្តាល៖ ជនសង្ស័យជាប្អូនថ្លៃជើងខ្លាំងផឹកស្រវឹងស្រាបែកគំនិតយកសំបកសំដបស្រាបៀ អាន់ឆ័រ គប់បងថ្លៃស្រីឲ្យរបួស ហើយយកកាំបិទផ្គាក់ដេញកាប់ផ្អើលអស់សមត្ថកិច្ច ចុះទៅចាប់វាយខ្នោះ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ។
ជនសង្ស័យឈ្មោះ នៅ វណ្ណះ ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឃុំខាងលើ។ វត្ថុតាងរួមមាន ១.សំបកសំដបស្រាបៀរ អាន់ឆ័រ ចំនួន០១ដប(ដបតូច) ២.កាំបិទផ្គាក់ ០១ដើមប្រវែង០.៦៥ម៉ែត្រ និង៣. អំបែងក្បឿង ចំនួន០១ដុំ ។

មុនពេលកើតហេតុ ជនរងគ្រោះ (បងថ្លៃស្រី)កំពុងតែធ្វើម្ហូបនៅផ្ទះបាយ ចំណែកជនសង្ស័យ (ប្អូនថ្លៃ) កំពុងអង្គុយផឹកស្រាថ្នាំជាមួយមិត្តភក្តិម្នាក់ទៀតឈ្មោះ នី យ៉េត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិឃុំជាមួយគ្នា នៅក្រោមផ្ទះឪពុកម្តាយរបស់ខ្លួន (រស់នៅក្នុងផ្ទះជាមួយគ្នា) ។ លុះពេលស្រវឹង ជនសង្ស័យបានជេរប្រមាថទៅលើជនរងគ្រោះនូវពាក្យសំដីមិនសមរម្យជាច្រើន ពេលនោះជនរងគ្រោះក៍បានតបតទៅវិញ ស្រាប់តែជនសង្ស័យបានយកដុំថ្មមួយដុំ គប់ទៅលើជនរងគ្រោះ តែគប់មិនត្រូវ ហើយបានស្រែកជេរប្រមាថដល់ឱពុកម្តាយបង្កើតជនរងគ្រោះទៀត និងបានដេញជនរងគ្រោះ ឲ្យចុះចេញពីផ្ទះទៀត ។

ពេលនោះប្តីស្រ្តីជនរងគ្រោះឈ្មោះនៅ ណិត អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាបងបង្កើតជនសង្ស័យ បានមកឃាត់កុំឲ្យឈ្លោះគ្នា តែជនសង្ស័យមិនព្រមស្តាប់ បានស្ទុះយកដបស្រាបៀរគប់មកលើជនរងគ្រោះ ចំស្មងជើងខាងឆ្វេងបណ្តាលឲ្យហូរឈាម រួចហើយបានយកកាំបិតផ្គាក់ដេញកាប់មកលើជនរងគ្រោះទៀត តែត្រូវបានប្តីរបស់ជនរងគ្រោះចាប់កាំបិតនោះជាប់ និងប្ដឹងទៅសមត្ថកិច្ចឲ្យចុះមកចាប់ជនសង្ស័យយកទៅចាត់ការតាមច្បាប់៕