ខេត្តកណ្តាល ៖ ស្រ្តីម្តាយកូន២នាក់ ខណៈកំពុងបើកម៉ូតូឌុបគ្នា ធ្វើដំណើរមិនចាប់អារម្មណ៍ ស្រាប់តែមានរថយន្តដឹកត្រី១គ្រឿង បើកមិនប្រយ័ត្នជ្រុលមកបុកយ៉ាងពេញទំហឹង បណ្តាលឲ្យកូនស្រីបានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម និងស្រ្តីជាម្តាយរងរបួសធ្ងន់ ដេកដួលនៅកន្លែងកើតហេតុយ៉ាងសង្វេគ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ នៅចំណុចភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ។


ស្ត្រីរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ ជាវ ដានី ភេទស្រី អាយុ៤៥ឆ្នាំ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ជាម្តាយ របួសរបួសធ្ងន់)។ និងកូនស្រីមានឈ្មោះ សុខ នីតា អាយុ២៨ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (ស្លាប់)។ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១
គ្រឿង ម៉ាកHYUNDAI ពណ៌សលាយខៀវ ប្រភេទដឹកត្រី ពាក់ស្លាកលេខ ភ្នំពេញ 3E-9716 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណទិសដៅពីអ្នកលឿងទៅភ្នំពេញ ក្នុងល្បឿនលឿន ។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ខ្វះការប្រុងប្រយ័ត្នបានបុកម៉ូតូ១គ្រឿង ម៉ាកHONDA CUB 50 ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ 1CP-6762 ជិះដោយស្រ្តីម្តាយកូនទាំង២នាក់យ៉ាង ពេញទំហឹង បណ្តាលឲ្យស្លាប់ និងរបួសដេកដួលក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។ ចំណែក អ្នកបើកបររថយន្តបង្ក បានចុះរត់គេចខ្លួនបាត់ស្រមោល។


ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញផ្នែចរាចរណ៍ស្រុកកៀនស្វាយ បានចុះអន្តរាគមន៍ ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ។ បន្ទាប់មក ទើបធ្វើការវាស់វែង និងកំណត់យកវត្ថុតាងទៅអធិការស្រុកកៀនស្វាយ ដើម្បីរង់ចាំការដោះស្រាយជាមួយក្រុមគ្រួសារស្រ្តីរងគ្រោះ។
ដោយឡែក សពនារីងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិដឹកយកទៅលំនៅឋាន ដើម្បីចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕