ភ្នំពេញ៖ អនុវត្តន៍តាមសេចក្ដីប្រកាសរបស់ ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបញ្ជូនជនជាតិចិន៦នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធករណីក្លែងបន្លំ ឆបោកតាមប្រព័ន្ធ ទូរគមនាគមន៍ (VOIP)។

យោងតាមហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការចង្អុលដឹកនាំពី នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានសហការជាមួយប៉ុស្តិ៍ ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន៦នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ។

លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និង អនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង ៦នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា យោងតាមប្រកាសបណ្តេញចេញក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលកម្ពុជារយៈពេល ៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (VOIP)៕