ខេត្តកណ្តាល៖ នារីជាកម្មការិនីរោងចក្រម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ជាមួយបុរសម្នាក់ រហូតជ្រុលជ្រួសពោះធំ២ខែ លុះពេលនាងទៅជាមួយនឹងប្រុសស្នេហ៍បាត់ចំនួន២ថ្ងៃ ពេលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែត្អូញចុកពោះខ្លាំង តែក្រុមគ្រួសារមិនបាននាំនាងទៅមន្ទីរពេទ្យទេ ទីបំផុត នារីរូបនេះ ឈឺពោះកាន់តែខ្លាំង រហូតដេកស្លាប់ក្នុងបន្ទប់យ៉ាងអាណោចអាធ័ម។
ករណីនារីពោះធំ២ខែ ឈឺពោះខ្លាំងរហូតស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៨ និង៤៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចកើតហេតុ ផ្ទះជនរងគ្រោះ ភូមិលេខ១(ក) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។
នារីរងគ្រោះ មានឈ្មោះ គុណ ស្រីការ អាយុ១៩ឆ្នាំ មុខរបរកម្មការិនី ជនជាតិខ្មែរ ទីកន្លែងស្នាក់នៅ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។


ក្រុមគ្រួសារ នារីរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១៩និង០០នាទី នារីរងគ្រោះបានទៅជាមួយសង្សារ ដែលរស់នៅជាមួយគ្នាដូចប្តី ដោយប្រាប់អ្នកផ្ទះថា ទៅមន្ទីរពេទ្យ ព្រោះនារីរងគ្រោះមានទម្ងន់ ២ខែហើយ ។ លុះដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២០ និង០០នាទី ទើបឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ ដោយប្រាប់ប្អូនថា ចុកពោះណាស់ រួចបានឲ្យប្រេងខ្យល់លាបពោះ បន្ទាប់មកនារីរង គ្រោះ បានរាងធូរ ។ លុះដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទី នារីរងគ្រោះ បានត្អូញថា ចុកពោះណាស់ ក៏បានដេកខាងក្រៅបន្ទប់ជាមួយប្អូន ។


ប្រភពបន្តថា រហូតដល់ម៉ោង ៧ព្រឹក ក៏ឃើញនារីរងគ្រោះ វារទៅដេកក្នុងបន្ទប់វិញ ហើយប្រហែលមួយសន្ទុះក្រោយមក ក្រុមគ្រួសារបានដាស់នារីរងគ្រោះឲ្យហូបបាយ ស្រាប់តែនារីរងគ្រោះមិនមាត់ ទើបនាំគ្នាយកទឹកជូតមុខ និងអង្រួននារីរងគ្រោះឲ្យដឹងខ្លួន ប៉ុន្តែនារីរងគ្រោះមិនដឹងខ្លួន ទើបដឹងថា នារីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ។

សមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកណ្តាល ផ្នែកជំនាញអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ បានចុះទៅពិនិត្យសពនារីរងគ្រោះ ដោយឃើញថាសាកសព ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់ទេ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូអ្នកគ្រូពេទ្យ កោសល្យវិច័យមន្ទីរពេទ្យបង្អែកជ័យជំនះ នារីរងគ្រោះស្លាប់ដោយសារចុកពោះខ្លាំង អាចបណ្តាលមកពីកូនក្រៅស្បូន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕