រាជធានីភ្នំពេញ៖ យុវជន២នាក់ ខណៈជិះម៉ូតូមួយគ្រឿង ឌុបគ្នាចេញពីធ្វើការដល់ពាក់កណ្តាលផ្លូវ ត្រូវរថយន្តដឹកប្រេង១គ្រឿង បុកចំពីមុខពេញទំហឹង ហើយកិនពីលើ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ដេកដួលនៅកន្លែងកើតហេតុឲ្យរដូករណែល។


ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៤ ក្នុងភូមិគុល សង្កាត់កំបូល ខណ្ឌកំបូល ។
ជនរងគ្រោះដែលត្រូវរថយន្តដឹកប្រេងបុកស្លាប់នេះ មានឈ្មោះ តឿន រ័ត្ន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរជាងពិដាន ស្នាក់នៅភូមិចម្ការថ្បែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិជ្រេស ឃុំជ្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកម្នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ កំពង់ឆ្នាំង 1F-9538 ឌុបគ្នាធ្វើដំណើរពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថថងប្រេងឥន្ធន:មួយគ្រឿង ក្បាលពណ៌ស លាយខៀវ ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-7332 បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលមកបុកម៉ូតូ បណ្តាលដួលខ្ទាតអ្នកអង្គុយខាងក្រោយ ចូលកង់រថយន្តខាងមុខ ផ្នែកខាងឆ្វេងកិនស្លាប់ភ្លាមៗ ចំណែកអ្នកឌុបខ្ទាតចេញក្រៅ រងរបួសធ្ងន់។ ចំណែក អ្នកបើកបររថយន្តបង្ក ចុះរត់គេចខ្លួនបាត់ស្រមោល។


ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយចាត់ចែងបញ្ជូនអ្នករបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់មក ទើបធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកសស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសព សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិទៅទៅធ្វើបុណ្យតាមប្រពៃណី៕