ខេត្តព្រះសីហនុ៖ នារីជនជាតិអង់គ្លេសម្នាក់ ដែលបាត់ខ្លួននៅកោះរ៉ុង តាំងពីជាងមួយសប្តាហ៍កន្លងមកទៅ។ ពេលនេះ សមត្ថកិច្ច និងក្រុមអ្នករុករក បានប្រទះឃើញសាកសពនារីរងគ្រោះហើយ ដែលអណ្តែតនៅលើលម្ហសមុទ្រ ក្នុងភូមិសាស្ត្រស្រុកកោះស្តេច ចម្ងាយពីកោះរ៉ុង ប្រមាណជាង៤០ម៉ាយ នៅរសៀលថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៩។
ក្រោយរកឃើញ សាកសពត្រូវបានសមត្ថកិច្ចរៀបចំដឹកជញ្ជូននាំមកកាន់កំពង់ផែក្រុងព្រះសីហនុ ដើម្បីធ្វើការងារបន្តតាមនិតិវីធី។

មន្ត្រីកងទព័ជើងទឹកនៅក្នុងទីបញ្ជាការជួរមុខគណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានឲ្យដឹងថា សាកសពនារីរងគ្រោះត្រូវបានកម្លាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន ជី ធី វី ស៊ី ស្ពីតប៊ូត កម្ពុជា របស់លោកឧកញ៉ាទៀ វិចិត្រ បានប្រទះឃើញសាកសពនារីរងគ្រោះ ឈ្មោះ Amelia Bambridge រូបនេះ អណ្ដែតនៅលើផ្ទៃសមុទ្រនៅចំណុច( ខន ដរ ) ក្បែរព្រំដែនសមុទ្រកម្ពុជា- ថៃ ។

ទោះជាយ៉ាងនេះក្តី ក្រោយសាកសពត្រូវបានរកឃើញហើយនោះ សមត្ថកិច្ចជំនាញសមត្ថកិច្ចនឹងបង្ហាញមូលហេតុនៃការស្លាប់របស់នារីរងគ្រោះ ក្រោយពីធ្វើកោសល្យវិច័យចប់សព្វគ្រប់។
សូមបញ្ជាក់ថា នាង AMELIA LOUISE បានចេញពីវៀតណាម កាលពីអំឡុងថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០១៩ មកប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត និងបន្តធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ រហូតបាត់ខ្លួន នៅវេលាទៀបភ្លឺ ថ្ងៃទី២៤ ខែតុលា ពេលដែលនាងជាមួយមិត្តភក្តិ ទើបស្គាល់គ្នាជិត១០នាក់ រៀបចំកម្មវិធីមួយមានឈ្មោះថា «ចាំមើលថ្ងៃរះ» នៅលើកោះរ៉ុង៕