ភ្នំពេញ៖ ពិតណាស់ប៉ុន្មានថ្ងៃនេះ ស្របពេលដែល ថៃ នារីសុជាតា ចេញមុខមកបើកកាយរឿងរ៉ាវទំនាក់ទំនងរវាងនាង និងពេជ្រ សូលីកា ដែលជាមិត្តសម្លាញ់នឹងគ្នាជិត១០ឆ្នាំ ភ្ជាប់ពាក្យជាមួយនឹងអតីតគូស្នេហ៍របស់នាងមក ស្រាប់តែតារាចម្រៀង ពេជ្រ សោភា បានបង្ហោះរូបមួយសន្លឹក ភ្ជាប់ជាមួយនឹងសារថា៖ « នៅឲ្យស្ងៀម ចិត្តត្រូវធ្ងន់ កុំតបត ទោះជាគេជេរ ឬដៀលអ្នកច្រើនយ៉ាងណាក៏ដោយ អ្នកត្រូវចាំថា ភាពមិនតបត គឺឈ្នះដោយមិនបាច់ខំ អ្នកកាន់តែស្ងៀម គេកាន់តែឈឺ អ្នកកាន់តែត្រជាក់ គេកាន់តែក្តៅ នៅទីបំផុត គេទេជាអ្នកដុតខ្លួនឯងឲ្យដោយខ្លួនឯង ព្រោះយើងមិនបានតបត។ មេរៀនជីវិត»។


ទោះបីមិននិយាយចំ ថាសារនេះចង់សំដៅទៅលើរឿងអ្វីមួយ ឬទៅលើនរណាម្នាក់ក្តី តែអ្នកលេងបណ្តាញសង្គមសឹងតែ ១០០ភាគរយ បានសន្និដ្ឋានថា ពិតជា ពេជ្រ សោភា និយាយនេះចង់ផ្ញើទៅដល់ ពេជ្រ សូលីកា ដែលកំពុងត្រូវបានមិត្តភ័ក្តិ ទម្លាយអាថ៌កំបាំងផ្ទាល់ខ្លួនពេញបណ្តាញសង្គមហើយ។ ត្បិតអី រឿងនេះមិនទាន់ស្ងប់ស្ងាត់ទាំងស្រុង តែសារប៉ុន្មានឃ្លារបស់ ពេជ្រ សោភា ពិតជាបង្កប់នូវអត្ថន័យល្អមែនទែន ក្នុងការដោះស្រាយបញ្ហាអ្វីមួយ ដោយចិត្តត្រជាក់ គ្មានការតបតណាមួយ។


ថ្មីៗនេះ នៅលើគណនីអ៊ីនស្ដ្រាក្រាម ថៃ នារីសុជាតា លើកឡើងថា អំឡុងពេលដែលនាង ទាក់ទងជាមួយបុរសសង្ហា ឈ្មោះថា ហាន ដែលត្រូវជាគូដណ្ដឹងរបស់ ពេជ្រ សូលីកា បច្ចុប្បន្ននេះ ឱ្យតែពេលមានទុក្ខលំបាក នៅពេលអតីតសង្សារខ្លួនធ្វើបាបលើរឿងអ្វីមួយ នាងតែងតែប្រាប់ទៅកាន់មិត្តសម្លាញ់ (សូលីកា) ឱ្យបានដឹងគ្រប់រឿង។ តែចុងក្រោយ នាងមិននឹកស្មានថា មិត្តសម្លាញ់ដែលនាងធ្លាប់ស្រឡាញ់រាប់អានគ្នា ដូចបងដូចប្អូនជាង១០ ឆ្នាំមកនេះ បែរជាជ្រើសយកអតីតមិត្តប្រុសរបស់នាង បោះចោលមិត្តភាពទាំងដែលធ្លាប់ដឹងហើយ ឮហើយថា បុរសនោះ មានបញ្ហាអ្វីខ្លះជាមួយនាង។តែរហូតមកដល់ពេលនេះ ពេជ្រ សូលីកា មិនបានចេញមុខ មកបកស្រាយតទល់ជាមួយនឹងស្រីស្អាតចិត្តក្លាហាន ថៃ នារីសុជាតា នៅឡើយទេ៕