ខេត្តកណ្តាល៖ បុរស២នាក់ បានចាប់របរជួញដូរថ្នាំញៀន ដោយយល់ថាងាយស្រួលក្នុងការរកលុយចាយ ទោះដឹងថា ជារបរខុសច្បាប់ក្តី លុះពេលសមត្ថកិច្ចស៊ើបដឹងសកម្មភាព ក៏ចាប់ក្របួចយកទៅចាត់ការតាមផ្លូវ កាលពីវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខប៉ុស្តិ៍នគរបាលសារិកាកែវ ស្ថិតនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ។


ជនសង្ស័យជួញដូរថ្នាំញៀនដែលសមត្ថកិច្ច ធ្វើការចាប់ខ្លួននេះ ឈ្មោះ ផាត សុវណ្ណ ហៅ ម៉ៅ ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។ និងម្នាក់ទៀត មានឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។ ដកហូត ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន មេតំហ្វេតាមីនចំនួន០២កញ្ចប់ធំ។ ទូរស័ព្ទ ចំនួន០២គ្រឿង ម៉ាក oppo ០១ គ្រឿង និង ម៉ាកHuawei ០១គ្រឿង។ ម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ២០១៦ ចំនួន០១គ្រឿង ស្លាកលេខ ភ្នំពេញ 1FT-8856 ព្រមទាំងប្រាក់ចំនួន៥១ ៤០០រៀល។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យទាំង២នាក់ កម្លាំងជំនាញស្រុកបានជិះល្បាត ក៏ឃើញជនសង្ស័យជិះម៉ូតូឆ្លងកាត់ គួរឲ្យសង្ស័យសមត្ថកិច្ចក៏ហៅឈប់ តែជនសង្ស័យ មិនឈប់ទេ ដោយបានបន្ថែមល្បឿនបើករត់គេចខ្លួន ទើបកម្លាំងប៉ុស្តិ៍នគរបាលសារិកាកែវ បើកម៉ូតូដេញតាមរហូតចាប់ខ្លួនជនសង្ស័យបាន និងត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន២កញ្ចប់ធំ។


នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះផាត សុវណ្ណ ហៅ ម៉ៅ បាន ឆ្លើយថា ថ្នាំញៀននេះ ខ្លួនបានទិញពីមនុស្សម្នាក់មិនស្គាល់ឈ្មោះ នៅ ម្តុំគីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ ក្នុងតម្លៃ១០ម៉ឺនរៀល ដើម្បីយកទៅជក់ និងលក់ តែដឹងអី ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួនបានតែម្តង។ជនសង្ស័យនិងវត្ថុតាងត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការបន្តតាមនីតិវិធី៕