រាជធានីភ្នំពេញ៖ បុរសជនជាតិអាមេរិកម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះជាន់ទី២ បង្កការភ្ញាក់ផ្អើល កាលពីម៉ោង៣រសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១១៨ កែងផ្លូវលេខ១៥ ត្រង់ចំណុចផ្ទះជាន់ទី២ ស្ថិតនៅក្នុងភូមិ៦ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។


សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ EDWARDS BRADFORD BOWMAN ជនជាតិអាមេរិកកាំង (UNITED STATES OF AMERICA) អាយុ៦៥ឆ្នាំ មុខរបរទេសចរ ស្នាក់នៅទីតាំងផ្ទះកើតហេតុ។
ប្រភពពីសមត្ថកិច្ចមូលដ្ឋានដដែល បានឲ្យដឹងថា មុនពេលកើតហេតុ អ្នកជិតខាងមានការសង្ស័យថា ជនរងគ្រោះមានបញ្ហា ក៏ទូរស័ព្ទទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍ផ្សារចាស់ ។


ក្រោយពីប្រជាពលរដ្ឋទូរស័ព្ទប្រាប់ពីករណីនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារចាស់ ក៏ចុះទៅដល់ទីតាំងកើតហេតុ ឡើងទៅបើកទ្វារផ្ទះរបស់ជនរងគ្រោះ ស្រាប់តែប្រទះឃើញសពដេកផ្កាប់មុខ ស្លាប់បាត់ទៅហើយ ដោយមិនបានស្លៀកខោអាវនោះទេ ពេលនោះសមត្ថកិច្ច មូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺគាំងបេះដូង មូលហេតុគឺបណ្ដាលមកពីគាត់លេបថ្នាំច្រើនមុខពេក។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំទំនាក់ទំនងទៅឲ្យខាងមន្រ្តីស្ថានទូត និងក្រុមគ្រួសារសាច់ញាតិ ឲ្យមកទទួលយកទៅធ្វើបុណ្យ ៕