រាជធានីភ្នំពេញ ៖ បុរសជាជាងជួសជុលម៉ូតូ២នាក់ បាននាំគ្នាធ្វើសកម្មភាពកាត់សោផ្ទះប្រជាពលរដ្ឋ លួចយកម៉ូតូអូសចេញមកក្រៅបានសម្រេចទៅហើយ តែប៉ះថ្ងៃស៊យ ធាក់ម៉ូតូអត់ឆេះ ចៃដន្យ មានកម្លាំងសមត្ថកិច្ចល្បាតមកទាន់ ក៏ចាប់ដាក់ខ្នោះនាំមកចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ម្តុំវត្តស្លែង ក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌកំបូល ។


ជនសង្ស័យជាចោរលួចម៉ូតូនេះ ទី១-ឈ្មោះសុខ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅកន្លែងធ្វើការម្តុំជម្ពូវ័ន មានស្រុកកំណើតនៅភូមិចុងថ្នល់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២-ឈ្មោះហៀង វិច្ឆ័យ អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ មានស្រុកកំណើតភូមិសង្គ្រាមបូ ឃុំគោកអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។


ចំណែក ជនរងគ្រោះមានឈ្មោះវ័ន អូក អាយុ២៥ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅចំណុចកើតហេតុ និងជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ស្ទឹងត្រែង 1A-0279 ដែលក្រុមជនសង្ស័យលួចយកមិនបានសម្រេច។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចសាកសួរនៅប៉ុស្តិ៍ប្រទះឡាង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ចាត់ការបន្តតាមច្បាប់៕