រាជធានី​ភ្នំពេញ ៖ ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា បច្ចុប្បន្ន​នេះ បងប្អូន​ពលករ​ខ្មែរ នៅ​ក្នុង​ប្រទេស​ថៃ កំពុង​បម្រើ​ការងារ​តាម​ធម្មតា ពុំ​មានការ​ធ្វើ​ដំណើរ​វិល​ត្រឡប់ ទៅ​ប្រទេស​កម្ពុជា ជា​គំហុក ដូចដែល​សារព័ត៌មាន​មួយ​ចំនួន បាន​ធ្វើការ​ចុះ​ផ្សាយ​នោះ​ទេ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កម្ពុជាប្រចាំ​ប្រទេស​ថៃ ចុះ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ លើក​ឡើង​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​សារព័ត៌មាន​ក្នុងស្រុក និង​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​មួយ​ចំនួន បាន​យក​រូបភាព និង​ក្លី​ប​វិ​ដេ​អូ​ចាស់​ៗ អំពី​ការ​ចុះ​ត្រួតពិនិត្យ​ពលករ​បរទេស​របស់​អាជ្ញាធរ​ថៃ និង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​វិល​ត្រឡប់ ទៅ​ចូលរួម​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​របស់​បងប្អូន​ពលករ​នា​ពេល​កន្លង​មក មក​ធ្វើការ​ផ្សព្វផ្សាយ​ឡើង​វិញ ក្នុង​គោលបំណង​បង្ក​ការ​ភ្ញាក់ផ្អើល និង​អូស​ទាញ​ឲ្យ​បងប្អូន​ពលករ​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ ។

ស្ថានទូតបញ្ជាក់​ថា បច្ចុប្បន្ន​នេះ បងប្អូន​ពលករ​ខ្មែរ នៅ​ក្នុង​ប្រទេស​ថៃ កំពុង​បម្រើ​ការងារ​តាម​ធម្មតា ពុំ​មានការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​ជា​គំហុក ដូចដែល​សារព័ត៌មាន​មួយ​ចំនួន បាន​ធ្វើការ​ចុះ​ផ្សាយ​នោះ​ទេ ។ ជាង​នេះ​ទៅ​ទៀត ភាគី​ថៃ កំពុង​តែ​ដំណើរការ​បន្ត​ទិដ្ឋាការ​ស្នាក់​នៅ និង​ប័ណ្ណ​អនុញ្ញាត​ការងារ​ជូន​ដល់​បងប្អូន​ពលករ អាច​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ បាន​រហូត​ដល់​ឆ្នាំ​២០២២​។

ដូច្នេះ ​សូម​បងប្អូន​ពលករ​ទាំងអស់ រក្សា​ភាព​ស្ងៀមស្ងាត់ និង​បន្ត​អនុវត្ត​ការងារ​ជា​ធម្មតា កុំ​ជឿ​តាម​ការ​ផ្សព្វផ្សាយ និង​ការ​ញុះញង់​របស់​សារព័ត៌មាន​មួយ​ចំនួន ដែល​ជា​ហេតុ​បង្ក​ឲ្យ​បងប្អូន​ខាតបង់​ថវិកា ពេលវេលា និង​អាច​ត្រូវ​និយោជក​បញ្ឈប់​ពី​ការងារ​ទៀត​ផង​ ។

សូម​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៩ នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំ​រៀង ខេត្តបាត់ដំបង បាន​ចេញ​សេចក្តី​បំភ្លឺ ច្រានចោល​នូវ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុងស្រុក​មួយ ដែល​ថា ពលករ​ខ្មែរ​រាប់​ពាន់​នាក់​… នៅ​តែ​បន្ត​វិល​ត្រឡប់​ចូល​ស្រុក​តាម​ច្រក​«​ដូង​»