ខេត្តសៀមរាប៖ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើធ្នង់មួយគ្រឿង បើកបរលឿនពេកបានជ្រុលចង្កូតទៅបុកម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ។


ជនរងគ្រោះដែលរបួស ទី១ឈ្មោះ ជឿ ជី ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិថ្នល់ត្រង់ ឃុំពពេល ស្រុកសូទ្រនិគម ជាអ្នកបើបរម៉ូតូ របួសធ្ងន់ និងទី២ ឈ្មោះទូច លេន ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិស្ទឹង ឃុំសំរោង ស្រុកសូទ្រនិគម ជាអ្នករួមដំណើរ របួសស្រាល។


មុនពេលកើតហេតុ គេឃើញរថយន្តម៉ាករីវូ ពណ៌ត្រេអី ពាក់ស្លាកលេខខេមរភូមិន្ទ០៦.២.៦៨៤១ដឹកឈើធ្នង់ បើកបរលឿនពេកពេក បានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១T១៨៥២ បណ្ដាលឲ្យរបួសធ្ងន់ស្រាល២នាក់តែម្ដង។ ភ្លាមៗនោះ អ្នកបើកបររថយន្តបង្កខាងលើ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ បន្សល់ទុកតែរថយន្តនិងឈើ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យឯកជន ឈ្មោញស៊ឹង រិទ្ធីរ៉េត ។ ចំណែកម៉ូតូ និងរថយន្ត រួមនឹងឈើ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ដើម្បីចាត់ការតាមផ្លូវច្បាប់៕