រាជធានីភ្នំពេញ៖ រថយន្ត៤៧០មួយគ្រឿងរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ ខណៈម្ចាស់កំពុងបំពេញភារកិច្ចនៅខាងក្នុង សង្ស័យឆ្លងចរន្តចេញពីក្បាលអាគុយ ស្រាប់តែឆាបឆេះហុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ នៅត្រង់កន្លែងចំណតរថយន្ត ក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។


រថយន្តដែលរងការឆាបឆេះនោះ ម៉ាកលុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BA-1902 ជាកម្មសិទ្ធរបស់មន្រ្តីនគរបាលអន្តោប្រវេសន៍ម្នាក់ បម្រើការងារនៅច្រកទ្វារ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
មុនពេលកើតហេតុ គេឃើញរថយន្តខាងលើ ចតនៅចំណតជាធម្មតា ដោយម្ចាស់កំពុងបំពេញការងារនៅខាងក្នុង ។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានផ្សែង រួមនិងអណ្ដាតភ្លើងឆេះផ្នែកខាងមុខនៃរថយន្តតែម្ដង ។ ភ្លាមៗក្រុមអន្តរាគមន៍ប្រចាំទីនោះ បានយកបំពង់មកបាញ់ពន្លត់ ហើយម្ចាស់រថយន្ត ក៏បានមកដល់ ហើយរើអីវ៉ាន់ចេញពីក្នុងរថយន្តដែរ ។ ប៉ុន្តែករណីនេះ គ្រាន់តែបង្កឲ្យមានការខូចខាតផ្នែកខាងមុខរថយន្តតែប៉ុណ្ណោះ ពុំបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់នោះឡើយ ។


មូលហេតុនៅសុខៗ ស្រាប់តែឆាបឆេះហុយផ្សែងទ្រលោមនោះ សង្ស័យឆ្លងចរន្តចេញពីក្បាលអាគុយ ខណៈប្រព័ន្ធភ្លើងរថយន្តមានបញ្ហា ៕