ផ្កា​ខាត់ណា ​ជា​ដំណាំ​ដែលមានតម្រូវការនៅក្នុងទីផ្សារខ្ពស់ អាច​ដុះ​លូតលាស់​បាន​ពេញ​មួយឆ្នាំ វា​ត្រូវការ​សីតុណ្ហភាព​ជា​មធ្យ​ម​ពី ១៥ ទៅ ២០ អង្សា ។ វា​ជា​ដំណាំ​មិនសូវ​ពិបាក​ក្នុង​ការដាំដុះ​ទេ ។ ខាងក្រោម​នេះ ជា​វិធីសាស្ត្រ​ក្នុង​ការដាំដុះ​ផ្កា​ខាត់​ណា នៅក្នុង​ផើង​…

*មុន​ដាំ​ដុះ​៖
– ត្រៀម​គ្រាប់ពូជ​ខាត់ណា​ផ្កា ដែល​យើង​អាច​រក​ទិញ​បាន​នៅ​តាម​ហាង​កសិកម្ម​នានា​
– ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម អាច​ដាំ​ដុះ​ដំណាំ​នេះ ឱ្យ​លូតលាស់​បានល្អ ជា​ទូទៅ​គួរ​មាន​ជម្រៅ​៣០​សង់ទីម៉ែត្រ និង​មាន​រង្វង់​មាត់​ផើង ប្រមាណ​២៥​សង់ទីម៉ែត្រ​
– ដី​ជីជាតិ ដី​មាន​លាយ​ល្បាយ​ជីលា​មក​សត្វ​ស្ងួត ជីកំប៉ុស្ត​

*ការ​សាប​កូន​៖
– ស្រោច​ទឹក​ឱ្យ​ជោគ នៅ​នឹង​ថ្នាល​ដំណាំ​
– សាប​គ្រាប់ពូជ​ខាត់ណា​ផ្កា​លើ​ថ្នាល ក្នុង​ជម្រៅ​១ ទៅ​២​សង់ទីម៉ែត្រ​
– យក​ចំបើង​គ្រប​ពីលើ​ដី
– ពេល​កូន​អាយុ​២០​ទៅ​៣០​ថ្ងៃ ឬ​លាស់​ស្លឹក​ពី ៣ ទៅ ៤​សន្លឹក យើង​អាច​ដក​វា​ទៅ​ដាំ​ផ្ទាល់​បាន​ហើយ​

*វិធី​ដាំ​ដុះ​៖
– ចាក់​ដី​ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត ចូល​ក្នុង​ផើង​
– ជីក​ជា​រណ្តៅ ហើយ​ដាក់​ជី​ក្នុង​រណ្តៅ​ដំណាំ​

– ដក​កូន​ខាត់ណា​ផ្កា​ទៅ​ដាំ​ក្នុង​រណ្តៅ ហើយ​លុប​ដី​វិញ​
– យក​ចំបើង​គ្រប​តាម​គល់​ដំណាំ​

*ការថែទាំ​៖
– ស្រោច​ទឹក​ឱ្យបាន​គ្រប់គ្រាន់​និង​ទៀងទាត់ ព្រឹក ថ្ងៃត្រង់ និង​ល្ងាច តែបើ​មេឃ​ត្រជាក់ យើង​គួរ​ស្រោច​ទឹក​ម្តង​បាន​ហើយ​ក្នុង​មួយ​ថ្ងៃ
– ត្រូវ​ចាំ​ថា គួរ​កុំ​ស្រោច​ទឹក​ឱ្យ​ជោគជាំ​ខ្លាំងពេក​

– ក្រោយ​យក​កូន​ទៅ​ដាំ​រយៈពេល​១៥​ថ្ងៃ យើង​ចាប់ផ្តើម​ជ្រំ​ដី​នៅ​ក្បែរ​គល់​របស់​វា
– ឧស្សាហ៍​ដកស្មៅ​នៅតាម​គល់​ដំណាំ​ចេញ ដើម្បី​កម្ចាត់​ជម្រក​សត្វល្អិត​បំផ្លាញ​

*ការប្រមូល​ផល​៖
– ជាទូទៅ ដំណាំ​ផ្កា​ខាត់ណា​នឹង​ឱ្យ​ផល​ក្នុង​រយៈពេល​៦៥ ទៅ ៧៥​ថ្ងៃ ឬ​ស្មើនឹង​ពី ៣ ទៅ ៤​ខែ បន្ទាប់​ពី​ដាំ​ដុះ​​ ៕