​សព្វថ្ងៃនេះ ដំណាំទំពាំងបាយជូរជាដំណាំដែលកសិករយើងនិយមដាំជាទីបំផុត ហើយភាគច្រើនស្ទើរតែការដាំទាំងអស់ជាលក្ខណៈអាជីវកម្មទ្រង់ទ្រាយធំ​។ ប៉ុន្តែក្នុងថ្ងៃនេះដែរយើង នឹងបង្រៀនពីរបៀបដាំទំពាំងបាយជូរនៅក្នុងផើង ដែលវិធីនេះងាយអនុវត្តន៏ ហើយទទួលបានផ្លែឈើធម្មជាតិមកបរិភោគទៀតផង។

/. ការរៀបចំ​ដាំ​ដុះ ៖
– ជ្រើសរើស​ផើង​ដំណាំ ដែល​មាន​ទំហំ​ធំ​ល្មម ជាទូទៅ ផើង​ដំណាំ គួរតែ​មាន​ជម្រៅ​៥០​ស​.​ម និង​មាន​ទំហំ​ប្រមាណ​៦០​ស​.​ម (​តែ​ជា​ទូទៅ យើង​គួរ​ផ្លាស់ប្តូរ​ផើង​ដំណាំ​តាម​ទំហំ​នៃ​កូន​ទំពាំងបាយជូរ​)
– ដី​ដែល​មាន​ជីជាតិ ដី​កំប៉ុស្ត​

– ពូជ​ទំពាំងបាយជូរ (​លោកអ្នក​អាច​រក​ទិញ​បាន​កូន​ទំពាំងបាយជូ​រ​នៅ​តាម​ហាង​កសិកម្ម ពូជ​ផ្លែ​ធំៗ ពី​ប្រទេស​ថៃ ឬ​អាច​ទិញ​ពូជខ្មែរ បាន​នៅ​ចម្ការ​ទំពាំងបាយជូរ ភ្នំ​បាណន់ ខេត្ត​បាត់ដំបង​)
– ចំ​អារ​ឫស្សី ដើម្បី​ទុក​ធ្វើ​ជា​ទ្រើង ឱ្យ​ទំពាំងបាយជូរ​វា​ឡើង​

​២/. ការដាំដុះ ៖
– យក​ផើង​ដំណាំ​លាង​សម្អាត និង​ហាល​ឱ្យ​ស្ងួត ដើម្បី​សម្លាប់​មេរោគ​ផ្សេងៗ​មុន​ដាំ​ដុះ​
– ចាក់​ដី​ដែល​មាន​លាយ​ល្បាយ​ជីកំប៉ុស្ត​ចូល​ក្នុង​ផើង​ដំណាំ​
– យក​កូន​ទំពាំងបាយជូរ កប់​ដាំ​ក្នុង​ផើង​ដំណាំ ហើយ​រោយ​លប់​គល់​ដំណាំ​បន្ថែម​

– យក​ផើង​ដំណាំ​ទំពាំងបាយជូរ ដាក់​នៅ​ទីតាំង​ដែល​មាន​ពន្លឺព្រះអាទិត្យ​គ្រប់គ្រាន់ (​យ៉ាងហោចណាស់ ៦​ម៉ោង ក្នុង​មួយ​ថ្ងៃ​)
– នៅ​ពេល​កូន​ដំណាំ​លូតលាស់ ត្រូវ​យក​ចំ​អារ​ឫស្សី​មក​ធ្វើជា​ទ្រើង​ដំណាំ​

​៣/. ការថែទាំ ៖
– ត្រូវ​ស្រោច​ទឹក​ជាប្រចាំ ឱ្យបាន​ទៀងទាត់ ២​ដង​ក្នុង​មួយថ្ងៃ ព្រឹក​ម្តង ថ្ងៃ​ម្តង តែ​ចៀសវាង​កុំ​ស្រោចស្រព​ច្រើន​ជ្រុល​
– ឧស្សាហ៍​ដាក់​ជី​បំប៉ន​នៅតាម​គល់​ដំណាំ ដូចជា បន្លែ ផ្លែឈើ ជា​សំណល់​ផ្ទះបាយ​

​៤/. ការប្រមូល​ផល ៖
– ជាទូទៅ ទំពាំងបាយជូរ​នឹង​ផ្តល់​ផល​យ៉ាងហោចណាស់ ២ ទៅ ៣​ឆ្នាំ ក្រោយ​ដាំ​ដុះ​
– ទំពាំងបាយជូរ​អាច​នឹង​ទុំ ផ្តល់​ផល​នៅ​ចុងខែ​សីហា ដល់​ចុង​ខែ​តុលា តែ​វា​អាស្រ័យ​លើ​ពូជ និង​អាកាសធាតុ​ដែល​អ្នក​ដាំ​ដុះ​​ ៕