រាជធានីភ្នំពេញ​ ៖ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និង បណ្តុះបណ្តាល វិជ្ជាជីវៈ បានចេញ ប្រកាស ជម្រាបដល់ម្ចាស់ ឬនាយកសហគ្រាសគ្រឹះស្ថានទាំងអស់ អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ឈប់សម្រាក ដោយមានប្រាក់ឈ្នួលក្នុងឱកាស ព្រះរាជ ពិធីបុណ្យ អុំទូកបណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក ក្នុងរយៈពេល៤ ថ្ងៃ គឺនៅថ្ងៃទី ១០-១១-១២ និងថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ ជំនួសឲ្យថ្ងៃទី ១០ ដែលត្រូវចំថ្ងៃអាទិត្យ ។

សេចក្តីប្រកាសបានបញ្ជាក់ថាចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាយណាមិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួន បានក្នុងឱកាសឈប់សម្រាកបុណ្យនេះម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានត្រូវរៀបចំ បែងចែកឲ្យបងប្អូន កម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យ នីមួយៗដោយ ផ្លាស់ប្តូរគ្នា ។ កម្មករនិយោជិតដែលធ្វើការ ថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យនេះមានសិទ្ធិទទួលនូវ ប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើ នឹងប្រាក់ឈ្នួលនៃ ថ្ងៃធ្វើការធម្មតា ។

សូមរម្លឹកថាព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅឆ្នាំ២០១៩នេះ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង ក្នុង រាជធានីភ្នំពេញ ៕