ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖ ក្នុងឆ្នាំ១៩៤៦ នោះដែរ ព្រះមហាក្សត្រនរោត្តម សីហនុ ក៏បានសព្វព្រះទ័យជាមួយនឹងប្អូនជីដូនមួយរបស់ព្រះអង្គ ព្រះនាមនរោត្តម ថាវេត នរលក្ខណ៍ (ប្រសូត្រថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩២៩) ជាបុត្រីពៅរបស់ព្រះអង្គម្ចាស់នរោត្តម សឹង្ហារ៉ា និងម្ចាស់ក្សត្រីស៊ីសុវត្ថិ ថាវេតរង្ស៊ី នារីវង្ស។
ម្ចាស់ក្សត្រីស៊ីសុវត្ថិ ថាវេតរង្ស៊ី នារីវង្ស នេះ ជាបងបង្កើតរបស់ម្ចាស់ក្សត្រីស៊ីសុវត្ថិ សុមៈនារីរតន៍ សិរីវឌ្ឍនា ដែលត្រូវជាព្រះមាតាព្រះមហាក្សត្រនរោត្តម សីហនុ។

មុនពេលមានទំនាក់ទំនងស្នេហាជាមួយព្រះមហាក្សត្រនរោត្តម សីហនុ ម្ចាស់ក្សត្រីនរោត្តម ថាវេត នរលក្ខណ៍ មានស្វាមីជារាជវង្សមួយអង្គ ព្រះនាមនរោត្តម វ៉ាគ្រីវ៉ាន់ ហើយនោះ មានសាធារណមតិមួយចំនួន បានរិះគន់ថា ព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ ជាស្វាមី បានលក់មហេសី ថាវេត នរលក្ខណ៍នេះ ទៅឲ្យព្រះមហាក្សត្រសីហនុ ដើម្បីលុយកាក់ និងបុណ្យសក្តិផងដែរ។

ចំពោះការរិះគន់ខាងលើនេះ ព្រះមហាក្សត្រនរោត្តម សីហនុ បានធ្វើការបកស្រាយបំភ្លឺថា ម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ដែលត្រូវជាប្អូនជីដូនមួយនឹងគ្នានេះ ធ្លាប់រស់នៅជាមួយព្រះអង្គតាំងពីតូចៗមកម្ល៉េះ ព្រោះមាតានិងមាតាត្រូវជាបងប្អូនបង្កើតនឹងគ្នា។ ចំណែកព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ ដែលធ្លាប់ឆ្លងកាត់ជីវិតស្នេហាជាច្រើនពីមុនមកនោះ បានស្នើសុំព្រះអង្គឲ្យជួយចែចូវ បញ្ចុះបញ្ចូលម្ចាស់ក្សត្រី ថាវេត នរលក្ចណ៍ និងព្រះមាតាព្រះនាង ដើម្បីសុំរៀបអាពាហ៍ពិពាហ៍ជាមួយ ។ តែក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារួចហើយ ព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ នៅតែខិលខូចរឿងស្រីញីដដែលធ្វើឲ្យម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ឈឺចុកចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត រហូតស៊ូទ្រាំលែងបានក៏សម្រេចចិត្តលែងលះគ្នានៅក្នុងឆ្នាំ១៩៤៥ គឺក្រោយលែងលះគ្នានោះហើយ ទើបព្រះអង្គទាក់ទងស្នេហាជាមួយព្រះនាង ពោលគឺពុំមែនព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ លក់ម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ជាមហេសី ដើម្បីលុយកាក់បុណ្យសកិ្តនោះទេ ព្រោះព្រះអង្គម្ចាស់ វ៉ាគ្រីវ៉ាន់ ជារាជវង្សប្រកបដោយកិត្តិយសថ្លៃថ្នូរ និងសម្បូរលុយកាក់ទ្រព្យសម្បិត្តច្រើនទៀតផង។ ម្យ៉ាងទៀត ទ្រង់ក៏ជាមិត្តភក្តិដ៏ជិតស្និទ្ធជាមួយព្រះអង្គតាំងពីដើមមកដែរ ហើយបើទោះបីជាទ្រង់បានលែងលះជាមួយម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ហើយក៍ដោយ ក៍ទ្រង់នៅតែស្រឡាញ់រាប់អានព្រះអង្គដូចមុនដដែល។

ព្រះមហាក្សត្រនរោត្តម សីហនុ មានបន្ទូលបញ្ជាក់ទៀតថា នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ព្រះអង្គបានតែងតាំងព្រះអង្គម្ចាស់នរោត្តម វ៉ាគ្រីវ៉ាន់ ជាចាងហ្វាងពិធីការ នៃព្រះបរមរាជវាំង ហើយទ្រង់បានហែមហមព្រះអង្គពេលយាងចេញទៅទស្សនកិច្ចនៅប្រទេសបារាំង និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត។
ក្រោយរដ្ឋប្រហារឆ្នាំ១៩៧០ ម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ បានចេញពីក្រុងភ្នំពេញ ជាមួយម្ចាស់ក្សត្រីស៊ីសុវត្ថិ សុមៈនារីរតន៍ សិរីវឌ្ឍនា ទៅរស់នៅក្រុងប៉កាំង ជាមួយព្រះមហាក្សត្រនរោត្តម សីហនុ ។
ក្រោយពីការចូលសោយទិវង្គតរបស់ម្ចាស់ក្សត្រីស៊ីសុវត្ថិ សុមៈនារីរតន៍ សិរីវឌ្ឍនា ដែលជាព្រះមាតុច្ឆា ( ម្តាយមីងខាងម្តាយ និងជាម្ដាយក្មេក )នៅឆ្នាំ១៩៧៥ ម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ បានចាកចេញពីទៅរស់នៅប្រទេសបារាំង ។

ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះព្រះរាជក្រិត ចុះថ្ងៃទី ៩ ខែ វិច្ឆិកា គ.ស. ១៩៩៣ ទ្រង់ប្រោសព្រះរាជទាន តែងតាំងម្ចាស់ក្សត្រី ថាវេត នរលក្ខណ៍ ឡើងឋានៈជា សម្តេចព្រះរាជកន្និដ្ឋា នរោត្តម ថាវ៉េត នរលក្ខណ៍ ៕