រាជធានី​ភ្នំពេញ ៖ រឿង​មេ​តុងទីន​វេច​លុយ​រត់​ចោល​កូន​តុងទីន​នេះ ឧស្សាហ៍​កើត​មាន​ញឹកញាប់​ណាស់ ប៉ុន្តែ​នៅ​តែ​នាំ​គ្នា​លេង​ដដែល ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ២០១៩ នេះ ក្រុម​អ្នកលេង​តុងទីន​ប្រមាណ​ជាង​៤០​នាក់ នាំ​គ្នា​មក​ប្តឹង​នៅ​សាលាសង្កាត់​ចោម​ចៅ​២ ក្រោយ​ពី​ដឹង​ថា ចាញ់បោក​ស្ត្រី​ម្នាក់​មេ​តុងទីន ដែល​ប្រមូល​លុយ​ជាង​២៦​ម៉ឺន​ដុល្លារ រត់គេច​ទៅ​បាត់​ស្រមោល ។

ស្ត្រី​ម្នាក់​ជា​ជន​រង​គ្រោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​ជា​មេ​តុងទីន ឆបោក​ប្រាក់​រាប់​សិន​ម៉ឺន​ដុល្លារ​នេះ មានឈ្មោះ មាស សុ​គ​ន្ធា មាន​ទីលំនៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រត់គេច​ខ្លួន​បាត់​តាំងពី​ថ្ងៃ​ទី​១៧ តុលា មក​ម្ល៉េះ ។

ប្រភព​ដដែល​បន្ត​ថា ស្ត្រី​សង្ស័យ​ជា​មេ​តុងទីន ប្រើ​ល្បិច​ប្រមូល​លុយ​យក​ខ្លួនឯង ហើយ​ឆ្លើយ​ថា អ្នក​នេះ​ដេញ​បាន ឬ​អ្នក​នោះ​ដេញ​បាន (​ប្រមាណ​ជាង​២៦​ម៉ឺន​ដុល្លារ​ពី​អ្នកចូលរួម​លេង​ជាង​១០០​នាក់​ឯនោះ​) តែ​ធាតុ​ពិត​មេ​តុងទីន ប្រមូល​យក​ស្ងាត់​ៗ នៅ​ពេល​ប្រមូល​បាន​ច្រើន​គួរសម​ហើយ ជនសង្ស័យ​វេច​លុយ​រត់គេច​ទៅ​បាត់​ស្រមោល ទើប​កូន​តុងទីន​ផ្អើល​ឆោឡោរ​ត់ទៅ​ប្តឹង​អាជ្ញាធរ​ទប់ស្កាត់​ក្រែង​ជនសង្ស័យ​មក​លួច​លក់​តូប​ផ្សារ និង​លក់​ផ្ទះ​ទៀត ៕