ខេត្តសៀមរាប៖ បុរស២នាក់ពូនិងក្មួយ បានកើតមានជម្លោះនឹងគ្នាបែកផ្សែង រហូតក្លាយភ្លើងអាឃាត ដោយបុរសជាពូ បានទាញដាវកាំបិត កាប់ចាក់លើគូជម្លោះជាក្មួយ គ្មានញញើតដៃ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម រីឯជនដៃដល់ជាឃាតករត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននាំទៅផ្តន្ទាទោសតាមច្បាប់។
ករណីមនុស្សឃាតនេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង២៥នាទីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិប្រិយ៍ថ្មី សង្កាត់ទឹកវិល ក្រុងសៀមរាប ។
ជនរងគ្រោះគូជម្លោះត្រូវជាពូចាក់ស្លាប់នេះ ឈ្មោះសូ វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកជនដៃដល់ជាឃាតករសម្លាប់ក្មួយប្រុសនេះ ឈ្មោះព្រឹម ព្រូស ។ អ្នកទាំងមានទីលំនៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះជាក្មួយបានទាក់ពាក្យសម្តីឈ្លោះប្រកែកគ្នា។ ពេលនោះ ជនរងគ្រោះជាក្មួយក៏មិនណយដែរ ដោយបានកាន់ដំបងឫស្សីដើរចូលទៅក្នុងដីរបស់ជនសង្ស័យជាពូ បំណងហៅជនសង្ស័យឲ្យចេញពីក្នុងផ្ទះ ដើម្បីនិយាយគ្នាឲ្យដឹងសខ្មៅ។ ពេលនោះ ជនសង្ស័យបានដើរចេញពីក្នុងផ្ទះដោយដៃមានកាន់កាំបិត និងដាវ ហើយមិនបាននិយាយវែងឆ្ងាយនាំឲ្យខាតពេលទេ ដោយធ្វើសកម្មភាពមកកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសឈាមជោកខ្លួន។


ប្រភពបន្តថា ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានឪពុកម្តាយនិងបងប្អូននាំយកទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗ បំណងជួយសង្គ្រោះ តែជាអកុសល ពេលដឹកដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ រួចបានដឹកសពត្រឡប់មកផ្ទះវិញ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។
សមត្ថកិច្ចបញ្ជក់ថា សពជនរងគ្រោះ មានស្នាមរបួសបាក់ដងកាំបិតខាងស្ដាំ និងដាច់ចុងស្លឹកត្រចៀកខាងស្ដាំ ព្រមទាំងផុងលលាដ៍ផ្នែកខាងស្ដាំ។ ចំណែក ជនសង្ស័យជាឃាតករ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតីវិធី៕