ខេត្តសៀមរាប៖ យុវជនម្នាក់ បានយកសំណាញ់រុំនឹងខ្លួន ហើយហែលឆ្លងទឹកប្រឡាយបំណងឆ្លងទៅត្រើយម្ខាងទៀត តែអកុសល ពេលទៅដល់ពាក្យកណ្តាលប្រឡាយ ស្រាប់តែសាច់សំណាញ់ព័ន្ធហែលទឹកលែងរួច បណ្តាលឲ្យលិចលង់ ឈ្លក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។


ករណីមនុស្សលង់ទឹកស្លាប់នេះ បានកើតឡើង នៅវេលាម៉ោងប្រហែល ៣ និង៤៥នាទីរសៀល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចទឹកប្រឡាយថ្នល់ចាស់ ខាងត្បូងភូមិសួនសារ ឃុំយាង ស្រុកពួក ។
យុវជនរងគ្រោះដែលលង់ទឹកស្លាប់នេះ មានឈ្មោះឃួន មេសា អាយុ១៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំសសរស្តម្ភ ស្រុកពួក ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅបង់ត្រីនៅតំបន់តាមប្រឡាយថ្នល់ចាស់ ជាមួយបងប្រុសម្នាក់ទៀត។ ពេលទៅដល់ ជនរងគ្រោះពុំទាន់បានបង់ត្រីទេ និងបានយកសំណាញ់រុំខ្លួន ហើយចុះហែលឆ្លងប្រឡាយទៅត្រើយម្ខាងទៀត តែអកុសល ពេលទៅដល់ពាក់កណ្តាលប្រឡាយ ស្រាប់តែសាច់សំណាញ់បានរុំព័ន្ធជើងជនរងគ្រោះ ហែលលែងរួច បណ្តាលឲ្យលង់លិចចូលទៅក្នុងទឹកតែម្តង។ ចំណែក បងប្រុសរវល់ស្ទួចត្រី ស្រាប់តែងាកទៅមើលប្អូនហែលឆ្លងទឹក ឃើញតែមួកអណ្ដែតទឹក ទើបដឹងថាប្អូនបានលង់ទឹក ហើយក៏រត់មកហៅអ្នកស្រុកឲ្យជួយមុជរាវ ទម្រាំតែរកជនរងគ្រោះឃើញ គឺជនរងគ្រោះឈ្លក់ទឹកស្លាប់បាត់ទៅហើយ និងរាយការណ៍មកមត្ថកិច្ចជួយអន្តរាគមន៍។


សមត្ថកិច្ច បញ្ជាក់ថា ក្រោយទទួលបានដំណឹងមានករណីមនុស្សលង់ទឹកស្លាប់ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យជនរងគ្រោះ ឃើញថា ពិតជាលង់ទឹកស្លាប់មែន រួចប្រគល់សពជនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕