ខេត្តតាកែវ៖ ឃាតករដែលកាប់សម្លាប់ស្រ្តីមេម៉ាយកូន ២នាក់ នៅស្រុកសំរោង ខេត្តតាកែវ កាលពីម្សិលមិញនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ កាលយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩។


នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត បានថ្លែងប្រាប់បណ្តាញព័ត៌មានថា ជនសង្ស័យឈ្មោះ សែម ហាក់ឡី អាយុ៣១ឆ្នាំ មុខរបរជាងកាត់សក់ មានទីលំនៅភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង។


ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់។
កាលពីនៅវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏សាហាវមួយ ដោយជនសង្ស័យបានយកកាំបិតកាប់ស្រ្តីមេម៉ាយកូន២ម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ពេលបញ្ជូនដល់មន្ទីរពេទ្យ ស្ថិតម្ដុំខាងជើងភ្នំជីសូរ នៅក្នុងភូមិពោធិ៍ ឃុំស្លា ស្រុកសំរោង សមត្ថកិច្ចដាក់ការសង្ស័យផ្តើមចេញពីជម្លោះស្នេហាត្រីកោណ។
មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូទៅផ្សារទិញបន្លែមកលក់នៅក្នុងភូមិដូចសព្វដង តែមិនទាន់ជិះផុតភូមិផង ស្រាប់តែជនសង្ស័យយកកាំបិតលបកាប់ពីក្រោយត្រូវចំ.ក បណ្ដាលឲ្យរងរបួសដេកដួលក្នុងថ្លុកឈាម។


ស្រ្តីរងគ្រោះដែលត្រូវឃាតករសម្លាប់នេះ ឈ្មោះហឿង សុខុន អាយុ៣៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន២ រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ ឈ្មោះសែន ហាក់ឡី ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យជាឃាតករ បានស្រែកថា៖ «ហ្នឹងហើយមីស្រីផិតក្បត់ » បន្ទាប់មក ជនដៃដល់បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ លុះដល់យប់ថ្ងៃទី២២ ខែតុលាដដែល ឃាតករ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនតែម្ដង៕